ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេសង្ស័យវង្វេងស្មារតីដោយសារថ្នាំញៀន បានយកកាំបិតកាប់អ្នកភូមិចំនួន០៣នាក់បណ្ដាលឲ្យរងរបួសជាបន្តបន្ទាប់ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១០ កញ្ញា នៅចំណុចភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល តែជនដៃដល់រូបនេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរ ។

របាយការណ៍មន្ត្រីមូលដ្ឋានឲ្យដឹងថា ជនសង្ស័យឈ្មោះឡយ សុខុម ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ។ ជននេះត្រូវបានមន្ត្រីប៉ុស្ដិ៍រដ្ឋបាលឃ្លាំងមាសឃាត់ខ្លួនភ្លាម ក្រោយកាប់ទៅលើអ្នកភូមិចំនួន០៣នាក់ឲ្យរងរបួសជាបន្តបន្ទាប់។
នាយប៉ុស្តិ៍រដ្ឋបាលឃ្លាំងមាស លោក ទឹង ស៊ីនឿន បានប្រាប់ថា ជនដៃដល់ហាក់បាត់បង់សតិ ព្រោះកន្លងមក ជននេះ មានប្រវត្តិប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម ។ ចំពោះករណីខាងលើនេះ បើតាមលោកនាយប៉ុស្ដិ៍បាននិយាយថា មុនពេលកើតហេតុ ជននេះបានដើរចូលទៅសុំបារីអ្នកភូមិម្នាក់ឈ្មោះ យ៉េន វ៉ាន យកមកជក់ ពេលបានបារីជក់ហើយ ជននេះទាញកាំប៉័ងតោ កាប់ទៅលើម្ចាស់បារីរូបនេះឲ្យរងរបួស។ លុះអ្នកភូមិ០២នាក់ចូលជួយ ជននេះក៏កាប់ទៅលើអ្នកជួយបណ្ដាលឲ្យរងរបួសថែមទៀត ហើយបន្តិចក្រោយមក កម្លាំងរបស់លោកក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនដៃដល់រូបនេះភ្លាមៗដែរ។

ជនរងគ្រោះទាំង០៣នាក់ដែលត្រូវជនបែកថ្នាំកាប់ឲ្យរបួសគ្រប់គ្នាមាន ១-ឈ្មោះ យ៉េន វ៉ាន ភេទប្រុស អាយុ៦៦ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ(របួសក្បាល និងស្មា ខាងឆ្វេង) ០២.ឈ្មោះ សិន សារិន្ធ ភេទប្រុស អាយុ ៥០ឆ្នាំទីលំនៅកន្លែងកើតហេតុខាងលើ(របួសដៃស្តាំ) ០៣.ឈ្មោះ តឹក ម៉ុន ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ(របួសខ្នងខាងឆ្វេង) ។
អធិការស្រុកបវេល លោក សុខ សារិន បានប្រាប់ថា ជនសង្ស័យខាងលើ កំពុងត្រូវបានមន្ត្រីជំនាញសាកសួរនៅអធិការ ដើម្បីចាត់ការតាមនីតិវិធីហើយ ខណ:ជនរងគ្រោះទាំង០៣នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបវេល៕
ចែករំលែកព័តមាននេះ