ខេត្តកំពង់ស្ពឺ ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានទទួលសិក្ខាកាមវៀតណាមចំនួន២១នាក់ មកពីសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូលសិក្សារៀនសូត្រវគ្គបំប៉នលើកកម្ពស់ភាសាខ្មែរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ។

សូមបញ្ជាក់ថា សិក្ខាកាមសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានមកសិក្សាវគ្គបំប៉នលើកកម្ពស់ភាសាខ្មែរនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកមកដល់ឆ្នាំ២០២៥នេះ មានចំនួន ៩វគ្គ ហើយគោលបំណងនៃការសិក្សាភាសាខ្មែរ ដើម្បីកិច្ចសហប្រតិបត្តិការ ពង្រឹងការអនុវត្តបទបញ្ញត្តិរួម ស្ដីពីសម្ព័ន្ធមេត្រីភាពរវាងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកជាមួយនឹងសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ។

សាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានចាត់បញ្ជូនសិក្ខាកាមរៀនភាសាខ្មែររបស់សាលាយោធាយោធភូមិភាគទី៧ មកអនុវត្តជាក់ស្ដែង លើកកម្ពស់ភាសាខ្មែរ ក្នុងការស្ដាប់ អាន និយាយ និងសរសេរ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ពេលត្រឡប់ទៅបំពេញភារកិច្ច ។

ឯកឧត្ដម នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការមកដល់របស់សិក្ខាកាម និងឯកភាពទៅតាមគោលបំណងដែលសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានស្នើសុំ ដោយរួមសហការឈរលើស្មារតីសាមគ្គីមិត្តភាព តាមគោលការណ៏របស់ក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។ ពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកសាងធនធានមនុស្ស រវាងប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់រៀនភាសាខ្មែរ និងងាយស្រួលទំនាក់ទំនងការងាររវាងប្រទេសទាំងពីរផងដែរ ៕




ចែករំលែកព័តមាននេះ