នៅរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ អ្វីដែលពលរដ្ឋគួរតែប្រុងប្រយ័ត្ននោះ គឺពាក់ព័ន្ធនឹងសុខភាព ហើយនិងសុវត្ថិភាពនេះអែង ។
តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅក្នុងឱកាសដែលពលរដ្ឋទទួលអំណរសប្បាយនឹងការធ្វើបុណ្យធ្វើទាន បំពេញកុសលផលបុណ្យតាមជំនឿហើយនោះក៏បានចេញសេចក្តីប្រកាសព័ត៌មានឲ្យពលរដ្ឋយកចិត្តទុកដាក់នឹងបញ្ហា ៣ ។

បញ្ហាទាំងបីនោះ គឺការបង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា ករណីសុវត្ថិភាពពេលធ្វើដំណើរ និងការឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើមផ្សេងៗ ដោយរួមទាំងមេរោគកូវីដ១៩ ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗទៀត ។
ក្រសួងសុខាភិបាល បានរំលឹកឲ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់លើការអនុវត្តអនាម័យ និងសុវត្ថិភាពចំណីអាហារពីព្រោះតែមានកម្មវិធីវាអាចមានការភ្លេចភ្លាំង ហើយក៏វាអាចនឹងមានការទទួលទានអាហារម្អូប អាហារខ្វះអនាម័យ ដែលអាចបណ្តាលឲ្យមានជំងឺប៉ះពាល់ដល់សុខភាព ។
ក្រៅពីនោះលើបញ្ហាសុវត្ថិភាព ក៏ជារឿងចាំបាច់មួយដែរ ដោយសមត្ថកិច្ចលើកទឹកចិត្តឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍កុំបើកបរលឿនកុំទទួលទានគ្រឿងស្រវឹងហើយបើកបរ ប៉ុន្តែខាងសុខភាព គឺរំលឹកកុំអោយប្រជាពលរដ្ឋយើងប្រើប្រាស់មធ្យោបាយធ្វើដំណើរមនុស្សច្រើនដែលងាយនឹងឆ្លងជំងឺពិបាកគ្រប់គ្រងសុវត្ថិភាពធ្វើដំណើរ ។

ក្រៅពីនោះនៅក្នុងករណីមានជំងឺផ្សេងៗជាពិសេស គឺពពួកជំងឺផ្លូវដង្ហើម ដូចជា ជំងឺផ្តាសាយ ផ្តាសាយបក្សី កូវីដ១៩ និងជំងឺផ្សេងៗគឺត្រូវប្រុងប្រយ័ត្ន ពីព្រោះមនុស្សច្រើនវាអាចឆ្លងរីករាលដាលខ្លាំងនាំឲ្យមានបញ្ហាដល់ខ្លួនយើង និងសហគមន៍ទាំងមូលបាន ។
ការចេញការជូនដំណឹងដាស់តឿនដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសេចក្តីសុខ និងសុវត្ថិភាពរបស់ពលរដ្ឋទូទៅ ដូច្នេះយើងទាំងអស់គ្នាគួរតែនាំគ្នាយកចិត្តទុកដាក់ ហើយចាប់ពីពេលនេះទៅ គឺកុំភ្លេចនឹងបញ្ហាទាំងនេះ ។

គ្រោះថ្នាក់ចរចារណ៍នៅពេលចុងក្រោយនេះ ឃើញកម្រើកខ្លាំងគួរសម ជាពិសេសចាប់តាំងពីមានការផ្អាកការរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍មកនោះ ។ ហើយលើបញ្ហាសុខភាពក៏មិនអាចប្រហែសបានដែរពីព្រោះជំងឺឥឡូវនេះប្លែកៗហើយឆ្លងក៏សាហាវ ។

សរុបមកវិញ ប្រសិនបើយើងយកចិត្តទុកដាក់នៅក្នុងការប្រុងប្រយ័ត្នលើបញ្ហាដែលជំនាញបានជូនដំនឹង គឺជាវិធានបង្ការ និងការពារមួយដ៏សំខាន់ ដើម្បីឲ្យយើងទាំងអស់គ្នារីករាយនឹងការជួបជុំបងប្អូនសាច់ញាតិ នាឱកាសឈប់សម្រាក គឺអាចទទួលបាននូវភាពរីករាយទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ