ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តសៀមរាប ជំរុញ​ឱ្យមន្ត្រីស្រង់ស្ថិតិ​ពលរដ្ឋ​ត្រលប់ពី​ថៃ ដើម្បីងាយរកការងារឱ្យធ្វើ​ក្នុងស្រុក​

44 វិនាទី មុន

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញមន្ត្រីក្រោមឱវាទស្រង់ស្ថិតិប្រជាពលរដ្ឋដែលវិល ត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ។ យោងតាមការចុះផ្សាយរបស់ខេត្តសៀមរាប បានឱ្យដឹងថាក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងពលករ និងក្រុមយុវជនគោលដៅរបស់ក្រុមការងារថ្នាក់ខេត្តដើម្បីចុះផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន…

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញមន្ត្រីក្រោមឱវាទស្រង់ស្ថិតិប្រជាពលរដ្ឋដែលវិល ត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ។

យោងតាមការចុះផ្សាយរបស់ខេត្តសៀមរាប បានឱ្យដឹងថាក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងពលករ និងក្រុមយុវជនគោលដៅរបស់ក្រុមការងារថ្នាក់ខេត្តដើម្បីចុះផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្ត ​ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ ត្រូវស្រង់ស្ថិតិបងប្អូនដែលជាពលករទើបនឹងវិល ត្រលប់មកពីប្រទេសថៃ ដែលការធ្វើនេះ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាយើងវិញ។

បើតាម លោក ឌី រ៉ាដូ ​ការវិលត្រលប់របស់ពលរដ្ឋនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។ នៅក្នុងវិបត្តិនៃការឈ្លានពានពីក្រុមទាហានថៃនេះ មានអ្នកបានវិលចូលស្រុកវិញជារួមប្រមាណជាង ១លាននាក់ ក្នុងនោះក្រសួងការងារ បានជួយសម្រួលរកការងារជូនពួកគាត់បានប្រមាណជាង ២០ម៉ឺននាក់រួចមកហើយ។

លោកអភិបាលរងខេត្ត ក៏បានបង្ហាញថា សម្រាប់ខេត្តសៀមរាប មានបងប្អូនចំណាកស្រុកប្រមាណជាង ៣ម៉ឺននាក់ និងអ្នកដែលបានវិលត្រលប់មកស្រុកវិញប្រមាណជាង ២៦.០០០នាក់រួចហើយដែរ។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញជាង ២ម៉ឺននាក់នេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង ៣ពាន់នាក់ប៉ុណ្ណោះ។ដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់ ដើម្បីដឹងថាពួកគាត់ដែលមកវិញ​​ធ្វើអ្វី នៅកន្លែងណា។

ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឲ្យដឹងពីអាជ្ញាធរស្រុកនានាក្នុងខេត្តសៀមរាប មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯងនៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុជាដើម។ ជាមួយគ្នានេះ ពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឲ្យចំនួនអ្នកចុះឈ្មោះសុំការជួយស្វែងរកការងារធ្វើមានចំនួនតិច។

បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្ត នៅតែជំរុញឲ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងជួយពួកគាត់ឲ្យចំគោលដៅ ហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ