រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ឲ្យដឹងថា ស្ពាន “ស្ទឹងសំរោង” នៅស្ពានលេខ១២-១៣ ស្ថិតនៅក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ បានលេចចេញជារូបរាងហើយ បន្ទាប់ពីពេលកន្លងមក ត្រូវបានលិចទឹកជារៀងរាល់ឆ្នាំ ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ថា នេះជាស្ពានលេខ១២-១៣ (ផ្លូវជាតិលេខ៤) ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ ។
អ្នកនាំពាក្យបានលើកឡើងថា ស្ទើររៀងរាល់ឆ្នាំ ស្ពាននេះ តែងរងការជន់លិច កាត់ផ្តាច់ចរាចរណ៍ ពេលរដូវទឹកដំឡើង ជាពិសេសនៅអំឡុងសីហា និងកញ្ញា ។ បច្ចុប្បន្នស្ពានចាស់ កម្ពស់ទាប និងតែងលិចទឹក ត្រូវបានជំនួសដោយស្ពានថ្មី ដែលមានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចលង់ទៀតហើយ ។
អ្នកនាំពាក្យបានលើកឡើងថា ប្រជាពលរដ្ឋតែងហៅថា «ស្ពានស្ទឹងសំរោង»មានទទឹង ១១ម៉ែត្រ,បណ្តោយ ១៦០ម៉ែត្រ ចែកចេញជា ៨ប្រឡោះ ដោយប្រឡោះនីមួយៗប្រវែង ២០ម៉ែត្រ ធ្វើពីបេតុង ក្រាលកៅស៊ូ AC ពីរស្រទាប់ ស្ថិតនៅចំណុច PK115+935 ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ស្ពានស្ទឹងសំរោង ចាប់ផ្តើមសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ចប់ការសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យ ក៏សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរីករាយជាមួយសមិទ្ធផលជាតិ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាសម័យតេជោធិបតី ៕


ចែករំលែកព័តមាននេះ