រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃនឹងជួបប្រជុំគ្នាជាលើកទី២ នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តកោះកុង ដោយមានកម្ពុជាជាម្ចាស់ផ្ទះ ។

ភាគីកម្ពុជា នឹងដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែកឯភាគីថៃ នឹងដឹកនាំដោយ លោក ណាត់ថាផុន ណាក់ផានីត រដ្ឋមន្ត្រីស្តីទីការពារជាតិថៃ ។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំត្រៀមរបស់លេខាធិការដ្ឋាននៃប្រទេសទាំងពីរដែលបានប្រព្រឹត្តទៅនៅខេត្តកោះកុង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ ។

កិច្ចប្រជុំត្រៀមនេះ មានគោលបំណងជំរុញការសន្ទនាប្រកបដោយភាពស្និទ្ធស្នាល និងកសាងទំនុកចិត្ត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
គួររំលឹកផងដែរថា កិច្ចប្រជុំពិសេស GBC លើកទី១ ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ក្រោយបញ្ចប់កិច្ចប្រជុំនោះ ភាគីទាំងពីរបានប្រកាសកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនដូចជា ៖

-ថែរក្សាទំនាក់ទំនងទៀងទាត់រវាងកងទ័ព និងអង្គភាពយោធានៅតាមបណ្តោយព្រំដែន។
-ខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ។
-កោះប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្នុងរយៈពេល២សប្តាហ៍ក្រោយកិច្ចប្រជុំ GBC ។
-រក្សាបណ្តាញទំនាក់ទំនងជាទៀងទាត់ និងផ្ទាល់រវាងមន្ត្រីយោធាជាន់ខ្ពស់។
-ទប់ស្កាត់ព័ត៌មានមិនពិត ដើម្បីកាត់បន្ថយភាពតានតឹង និងពង្រឹងបរិយាកាសអំណោយផលក្នុងការពិភាក្សា។

កិច្ចប្រជុំនេះក៏បានធ្វើឡើងផងដែរ បន្ទាប់ពីកម្ពុជា-ថៃ បានព្រមព្រៀងលើបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោយពីមានការប៉ះទង្គិចគ្នាប្រាំថ្ងៃនៅតាមបណ្តោយព្រំដែន៕
ចែករំលែកព័តមាននេះ