រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា បានសម្ដែងក្តីសង្ឃឹមថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូរទៅកម្ពុជា-ថៃ (GBC) ព្រឹកថ្ងៃទី១០ ខែកញ្ញានេះ នឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែម ដើម្បីឱ្យភាគីទាំងពីរ អាចបន្តជំរុញការអនុវត្តបទឈប់មានប្រសិទ្ធភាព ។
ក្រសួងការពារជាតិបានឲ្យដឹងថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។
ចំណែក គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។
កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផល នៃការអនុវត្តគោលការណ៍ឯកភាពគ្នា ដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
ក្រសួងការពារជាតិបានបញ្ជាក់ថា៖ “កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស” ៕
ចែករំលែកព័តមាននេះ