ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក្រុង​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ដែល​មាន​ជំហរ​អភិ​រក្ស​និយម

4 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង​ បាន​តែង​តាំង​លោក​​សេ​បា​ស្ទាន​ ឡឺគ័រនូ (Sebastien Lecornu) ជា​​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ជំនួស​លោក​បាយ​រូ​ (Bayrou) ដែល​ត្រូវ​សភា​បោះ​ឆ្នោត​ទម្លាក់​កាល​ពី​ម្សិល​មិញ​។…

ទី​ក្រុង​ប៉ារីស៖ ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង​ បាន​តែង​តាំង​លោក​​សេ​បា​ស្ទាន​ ឡឺគ័រនូ (Sebastien Lecornu) ជា​​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ជំនួស​លោក​បាយ​រូ​ (Bayrou) ដែល​ត្រូវ​សភា​បោះ​ឆ្នោត​ទម្លាក់​កាល​ពី​ម្សិល​មិញ​។ លោក​​ឡឺគ័រ​នូ​ជា​​​​អ្នក​ដង្ហែ​តាម​នយោ​បាយ​របស់​លោក​ម៉ាក្រុង​ និង​​ជា​អ្នក​អភិ​រក្ស​និយម​ដែល​បាន​ចូល​រួម​យុទ្ធ​នា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​។ ការ​តែង​តាំង​នេះ​ខុស​ពី​ការ​រំពឹង​ទុក​របស់​មជ្ឈ​ដ្ឋាន​ខ្លះ​​ដែល​គិត​ថា​​លោក​ម៉ាក្រុង​អាច​នឹង​​ជ្រើស​រើស​​​បេក្ខ​ជន​ខាង​ឆ្វេង​។

​ការ​ជ្រើស​រើស​លោក​ឡឺ​គ័រនូ​​​វ័យ​៣៩​ឆ្នាំ​ជានាយក​រដ្ឋ​មន្ត្រី​មាន​ន័យ​ថា​​​លោក​ម៉ាក្រុង​​នៅ​តែ​ប្ដេជ្ញា​ចិត្ត​​ដឹក​នាំ​រដ្ឋាភិបាល​សំឡេង​ភាគ​តិច​នៅ​រដ្ឋ​សភា​ដដែល​។ ធ្វើ​យ៉ាង​ដូច​ម្ដេច​ក៏​ដោយ​កុំ​ឱ្យ​តែ​​ប៉ះ​ពាល់​ផែន​ការ​កំណែ​ទម្រង់​របស់​លោក​ដែល​គាំទ្រ​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​។ ក្នុង​នោះ​ មាន​ការ​កាត់​បន្ថយ​ពន្ធ​ទៅ​លើ​អាជីវ​កម្ម និង​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ហើយ​និង​ពន្យារ​ពេល​ចូល​និវត្ត​។

ខុទ្ទ​កាល័យ​របស់​លោក​ម៉ាក្រុង​ថ្លែង​ថា​លើក​នេះ​រាង​ប្លែក​បន្តិច​។ លោក​ម៉ាក្រុង​បាន​ប្រាប់​ឱ្យ​លោក​ឡឺ​គ័រនូ​ពិគ្រោះ​គ្នា​ជា​មួយ​បណ្ដា​គណ​បក្ស​នយោបាយ​នានា​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ដើម្បី​រក​គោល​ជំហរ​រួម​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​​គាំទ្រ​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២៦​ និង​​ដើម្បី​ជជែក​គ្នា​ទៅ​លើ​កម្ម​វិធី​នយោបាយ​ដទៃ​ទៀត​មុន​នឹង​ប្រកាស​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​។​

ដំណឹង​ស្ដី​ពី​ការ​តែង​តាំង​លោក​ឡឺ​គ័រនូ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​​ត្រូវ​​បាន​​គណ​បក្ស​ឆ្វេង​និយម​​និយាយ​បែប​ចម្អក​។​ គណ​បក្ស​ឆ្វេង​និយម​ជ្រុល​ថ្លែង​​ថាពួក​​គេ​នឹង​បោះ​ឆ្នោត​ទម្លាក់​លោក​ឡឺ​គ័រនូ​។ ប៉ុន្តែ​ផែន​ការ​នេះ​ប្រហែល​ជា​មិន​ជោគ​ជ័យ​ទេ​ព្រោះ​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​ សមាជ​ជាតិ​ របស់​លោក​ស្រី​ឡឺពែន (Le Pen) ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​មួយ​លោក​ឡឺ​គ័រនូ​លើ​ផ្នែក​ថវិកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ