ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ដែលស្លៀកពាក់ស្អាតបាត មើលមិនដឹងថា ជាចោរនោះទេ សង្ស័យដាច់យ៉ៃខ្លាំងក្នុងឱកាសកាន់បិណ្ឌនេះ បែរជាបែកគំនិតលួចកាច់សោម៉ូតូ តែចំថ្ងៃស៊យត្រូវដេកគុក ប៉ះចំម៉ូតូរបស់លោកអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ ត្រូវសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទងតាមស្ទាក់រហូតចាប់ខ្លួនបានទាំង២នាក់តែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ២ ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ដែលត្រូវបានក្របួច ៖
១-ឈ្មោះ បឿន ចាន់នី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ខុម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកម្ចាស់ម៉ូតូរងគ្រោះ គឺលោក លឿន ជីវ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ រស់នៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាកHonda c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JB-៤៩៣៩ (របស់ជនរងគ្រោះ) ម៉ូតូ១គ្រឿងម៉ាកHonda click ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១JT-០៨៤២ (របស់ជនសង្ស័យ) សោសៀលេខ៨មួយ សោខ្វែងរុំស្កុតពណ៌ខ្មៅ១ និងដែកសំប៉ែតបួនជ្រុង៣ ។
លោកអធិការក្រុងតាខ្មៅបានបន្តឲ្យដឹងទៀតថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៧ និង៣០នាទីយប់ ជនរងគ្រោះបានយកម៉ូតូ១គ្រឿងម៉ាកHonda c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១jB-៤៩៣៩ មកទុកនៅមុខហាងអ៊ុតសក់នៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយមកក៏មានចោរ២នាក់ខាងលើ បានធ្វើសកម្មភាពលួចកាច់សោម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងឆែកកាមេរ៉ាសុវត្ថិភាពឃើញភិនភាគចោរ នគរបាលបានបោះដៃតាមវិទ្យុទាក់ទង តាមស្ទាក់រហូតចាប់ខ្លួនបានទាំង២នាក់ រួមទាំងវត្ថុតាងយកមកសួរនាំ និងចាត់ការតាមនីតិវិធី ។
នៅចំពោះមុខនគរបាល ចោរបានឆ្លើយសារភាពថា ខ្លួនទាំង២នាក់ពិតជាបានធ្វើសកម្មភាពលួចកាច់សោម៉ូតូម៉ាកHonda c125 ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JB -៤៩៣៩ របស់ជនរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ន ចោរទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕


ចែករំលែកព័តមាននេះ