ទីក្រុងវ៉ាសូវី៖ ប៉ូឡូញអះអាងថាខ្លួនបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿងរបស់រុស្ស៊ី ដែលហោះទៅវាយប្រហារប្រទេសអ៊ុយក្រែន ប៉ុន្តែបានជ្រុលដំណើរទៅចូលដែនអាកាសប៉ូឡូញ។ ប៉ូឡូញចាត់ទុកថានេះជាការរំលោភដែនអាកាសរបស់ខ្លួន។ ការបាញ់ទម្លាក់ដ្រូនទាំងនោះក៏មានជំនួយពីអង្គការណាតូផងដែរ។ ដូច្នេះការប៉ះពារគ្នារវាងរុស្ស៊ី និងណាតូចាប់ផ្ដើមកើតមានជាបណ្ដើរៗហើយ។
ទោះបីដ្រូនទាំងនោះបើក្រឡេកមើលមួយភ្លែតហាក់ដូចជាហោះចូលដោយច្រឡំ ប៉ុន្តែថ្នាក់ដឹកនាំអឺរ៉ុបមិនគិតដូច្នេះទេ។ ពួកគេយល់ថារុស្ស៊ីបញ្ជូនដ្រូនទាំងនោះហោះចូលដែនអាកាសប៉ូឡូញដោយចេតនាដើម្បីពង្រីកសង្គ្រាមចូលទឹកដីប៉ូឡូញ។ ឥឡូវនេះ អង្គការណាតូត្រៀមកោះប្រជុំជាបន្ទាន់ដើម្បីនិយាយគ្នាអំពីសភាពការណ៍វិវត្តថ្មីនេះ។
ព្រឹត្តិការណ៍ដ្រូនហោះចូលដែនអាកាសប៉ូឡូញលើកនេះកើតឡើងបីថ្ងៃបន្ទាប់ពីរុស្ស៊ីវាយប្រហារតាមអាកាសដ៏ខ្លាំងបំផុតទៅលើអ៊ុយក្រែនដោយប្រើប្រាស់ដ្រូន៨០៥គ្រឿង និងមីស៊ីល១៣គ្រាប់។ នោះជាលើកដំបូងដែលរុស្ស៊ីវាយប្រហារចំអគាររបស់រដ្ឋាភិបាលបណ្ដាលឱ្យឆេះហុយផ្សែងទ្រលោមទៅលើអាកាស។
ប្រធានកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោកស្រីខាចា ខាឡាស់ (Kaja Kallas) យល់ថាសង្គ្រាមអ៊ុយក្រែនមិនមែនចប់ទៅវិញនៅក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែរីករាលដាលកាន់តែខ្លាំង។ លោកស្រីយល់ថាហេតុការណ៍កាលពីយប់មិញនោះជាការរំលោភដ៏ធ្ងន់ធ្ងរបំផុតទៅលើដែនអាកាសអឺរ៉ុបចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ នេះជាសកម្មភាពធ្វើឡើងដោយចេតនា, មិនមែនដោយចៃដន្យទេ។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោកដូណាល់ ទូស (Donald Tusk) បានបង្ហោះសារនៅលើបណ្ដាញសង្គមថាដែនអាកាសប៉ូឡូញត្រូវបានរំលោភបំពានដោយដ្រូនរបស់រុស្ស៊ី។ លោកថាដ្រូនដែលបង្កការគំរាមកំហែងដោយផ្ទាល់ទាំងនោះត្រូវប៉ូឡូញបាញ់ទម្លាក់។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញក៏បានបង្ហោះសារនៅលើបណ្ដាញអ៊ិចផងដែរថាវត្ថុដែលហោះចូលប៉ូឡូញកាលពីយប់មិញនោះមានជាងដប់គ្រឿង។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាមានប៉ុន្មានគ្រឿងពិតប្រាកដទេ។ រដ្ឋមន្ត្រីរូបនេះសូមអរគុណអង្គការណាតូ និងប្រទេសហូឡង់ដែលជួយធ្វើអន្តរាគមន៍បាញ់ទម្លាក់ដ្រូនទាំងនោះដោយប្រើប្រាស់យន្តហោះអែហ្វ៣៥ (F-35)។ នេះបើយោងតាមប្រភពពីអេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ