រាជធានីភ្នំពេញ ៖ បុរស៣នាក់ជិះរថយន្តម៉ាក MERCEDES ពណ៌ខ្មៅ មិនដឹងថាផឹកស្រវឹងពីណាមកទេ បាននាំគ្នាចូលដេកផ្ទះសំណាក់ ក្នុងនោះមានបុរសម្នាក់បានណាត់ស្រីស្នេហ៍មកដេក តែមិនបានសម្រេចក៏ផ្ទុះកំហឹងមកលើប្ដី-ប្រពន្ធជាមេការមើលខុសត្រូវផ្ទះសំណាក់ ដោយសារតែតម្លៃដេកផ្ទះសំណាក់៨ដុល្លារ តែបែរជាឱ្យ២៥ ០០០រៀលទៅវិញ ទើបទាស់ពាក្យសម្ដីគ្នា រហូតឈានដល់បង្កហិង្សាវាយតប់បណ្ដាលរងរបួសទៀតផង ។

បុរសទាំង៣នាក់ព្យាយាមបើករថយន្តគេចពីកន្លែងកើតហេតុបាត់ ទើបសមត្ថកិច្ចចុះអន្តរាគមន៍ ។ បាតុភាពនេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់«រាជិនីផ្កា» ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្ដី-ប្រពន្ធជាមេការផ្ទះសំណាក់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន និងផ្ដល់កាមេរ៉ាសុវត្ថិភាព ពីសកម្មភាពការបង្កហេតុការណ៍ បុរស១នាក់ក្នុងចំណោម៣ម្នាក់ បានប្រើអំពើហិង្សាមកលើប្ដី-ប្រពន្ធមេការផ្ទះសំណាក់ ដោយសារមូលហេតុបុរសនោះខឹងរឿងណាត់ស្រីមក«ដោះកូយ»មិនបានសម្រេច ទើបខឹងមួរម៉ៅចេញពីបន្ទប់ឱ្យលុយតែ២ ៥០០០រៀលថ្លៃបន្ទប់ ដែលតម្លៃពេញ៣ម៉ោង៨ដុល្លារ គឺ៣ម៉ឺន២ពាន់រៀល ដែលថៅកែដាក់ឱ្យគាត់ ។

អីុចឹងគាត់មានលុយឯណាសងទៅថៅកែ ទើបខំទារលុយឱ្យគ្រប់ចំនួន ទើបបុរសនោះកាន់តែខឹងមួរម៉ៅវាយមកលើប្ដី-ប្រពន្ធគាត់បណ្ដាលរងរបួស ហើយក៏មិនអាចឃាត់បាន និងលុយក៏មិនបានគ្រប់ចំនួន ហើយបុរសទាំង៣នាក់ឡើងរថយន្តជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
ក្រោយមកក៏បានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ។ បន្តិចក្រោយមក សមត្ថកិច្ចក៏មកដល់បានសាកសួរ ហើយឱ្យគាត់ទៅដាក់ពាក្យបណ្ដឹង តែគាត់ថារង់ចាំស្អែកសិន អត់មានអ្នកណាមើលខុសត្រូវផ្ទះសំណាក់ មានភ្ញៀវនៅច្រើនបន្ទប់ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីជនរងគ្រោះប្ដី-ប្រពន្ធបានឡាយ(Live)តាមបណ្ដាញព័ត៌មាន សមត្ថកិច្ចបានទទួលព័ត៌មាននេះភ្លាម ក៏ចុះមកដល់កន្លែងកើតហេតុ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង តែជនរងគ្រោះគាត់ឆ្លើយថារង់ចាំស្អែក ដោយគ្មានអ្នកណាមើលការខុសត្រូវនៅផ្ទះសំណាក់ ។
មន្ត្រីសមត្ថកិច្ចកំពុងតែហៅជនរងគ្រោះមកដាក់បណ្ដឹង ដើម្បីស្រាវជ្រាវរកបុរសដែលបង្កហិង្សាមកធ្វើការដោះស្រាយ ។ ចំណែកជនបង្កបានប្រើឈ្មោះថាខ្លួនជាប៉ូលីស ដែលធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់កងកម្លាំង ៕
ចែករំលែកព័តមាននេះ