ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន ចុះហត្ថលេខា​ព្រមព្រាង​នាំ​បន្លែ​ផ្លែ​ឈើ​កម្ពុជា ចេញ​ទៅ​កាន់​ទីផ្សារ​ខេត្ត​ហឺ​ណា​ន ក្នុង​ទឹកប្រាក់​៣០​លាន​ដុល្លារ រយៈពេល​២​ឆ្នាំ​ខាង​មុខ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​ពាណិជ្ជកម្ម លោក​ជំទាវ ចម និម្មល…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​ពាណិជ្ជកម្ម លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អនុញ្ញាត​ជូន ឯកឧត្តម Zheng Haiyang អភិបាលរង​ខេត្ត​ហឺ​ណា​ន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ហឺ​ណា​ន និង​ពិធី​ចុះ​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​ចិន និង​កម្ពុជា ក្នុង​គោលបំណង​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ។

លោក​ជំទាវ​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម Zheng Haiyang អភិបាលរង​ខេត្ត​ហឺ​ណា​ន ដែល​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​អំពី​ការ​ពង្រឹង និង​លើកកម្ពស់​កិច្ច​សហ​ប្រតិការ​វាង​កម្ពុជា​-​ចិន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ក្នុង​ទិស​ដៅ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ហឺ​ណា​ន ជា​ពិសេស​លើ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​រដ្ឋមន្ត្រី បាន​បង្ហាញ​អំពី​ការ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ចិន មក​បណ្តាក់ទុន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​នៅ​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​មាន​សក្តានុពល​ខ្ពស់ ដែល​អាច​ថ្ពក់​ទៅ​នឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​នៅ​ប្រទេស​ចិន​ដូច​ជា​៖ កសិកម្ម​ទំនើប ឧស្សាហកម្ម​កែ​ច្នៃ​ចំណីអាហារ វិស័យ​យានយន្ត អេ​ឡិច​ត្រូ​និក និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ជាដើម​។ លោក​ជំទាវ​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ទាញ​យក​ប្រយោជន៍​ឱ្យ​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ដើម្បី​បន្ត​កិច្ចសហការ និង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​ជា​បន្តបន្ទាប់​រវាង​ប្រទេស​ទាំង​ពីរ ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ​រដ្ឋមន្ត្រី បាន​ផ្តល់​កិត្តិយស​ជា​សាក្សី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd និង ក្រុមហ៊ុន Nongde Agricultural Development Co., Ltd ក្នុង​គោលបំណង​ជំរុញ​ការ​នាំ​ចេញ​បន្លែ ផ្លែ​ឈើ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ​ក្នុង​រយៈពេល ២​ឆ្នាំ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ