ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជនបរទេស​មួយ​ក្រុម​យក​រថយន្ត​មក​ប្លុង​ចោល ២​កន្លែង​ផ្សេង​គ្នា នៅ​ស្រុក​ស្វាយ​ទាប

11 ខែ មុន

ខេត្តស្វាយរៀង ៖ មហាជន​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជនបរទេស​មួយ​ក្រុម សង្ស័យ​ជា​ជនជាតិ​វៀតណាម ឬ​ជនជាតិ​ចិន ជិះ​រថយន្ត​ចំនួន​២​គ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ខាងកើត​ផ្សារ​ប្រ​សូត្រ ស្រាប់តែ​បន្ថយល្បឿន រួច​បើក​ចូល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ហើយ​ក៏​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត​មួយ​គ្រឿង ឡើង​ទៅ​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត យ៉ាង​ប្រញាប់ប្រញាល់ ដោយ​ទុក​រថយន្ត​មួយ​គ្រឿង​ចោល​ដោយ​មិន​បាន​ទាំង​ពន្លត់​ម៉ាស៊ីន​ផង មិនដឹង​ថា មានរឿង​អ្វី​ទេ ។

ក្រោយ​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គេ​ប្លុង​រថយន្ត​មួយ​គ្រឿង ចោល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បែប​នេះ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​អន្តរាគមន៍ ដោយ​ក្នុង​រថយន្ត​នេះ មាន​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក​មួយ​ដើម នៅ​ក្នុង​រថយន្ត ។

​ករណី​ជនបរទេស​យក​រថយន្ត​មក​ប្លុង​ចោល​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១១:១៥​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ ។ បន្ទាប់​មក គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ទៀត បាន​ចត​ប្លុង​ចោល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ខាងលិច​ស្ពាន​ប្រ​សូត្រ ស្ថិត​ក្នុងភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទី​១ ដែល​ចត​ប្លុង​ចោល ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7889 ចត​ទុក​ចោល​ស្ថិត​នៅ​ក្នុងភូមិ​ប្រ​សូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប និង​រថយន្ត​ទី​២ ម៉ាក​កាម​រី ឆ្នាំ​០៧ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-9742 ចត​ប្លុង​ចោល​នៅ​ខាងលិច​គល់​ស្ពាន​ប្រ​សូត្រ ស្ថិត​ក្នុងភូមិ​ទួល​អង្គប់ ឃុំ​សំបូរ ស្រុក​ស្វាយ​ទាប ។

​ចំពោះ​ករណី​នេះ ពុំ​ទាន់​ដឹង​ថា ជា​ករណី​អ្វី​នោះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ សង្ស័យ​ជា​ករណី​ចាប់ជំរិត ដោយ​ជនសង្ស័យ​មាន​ប្រើប្រាស់​អាវុធ ហើយ​ត្រូវ​ប្តូរ​រថយន្ត​ជា​បន្តបន្ទាប់ ដើម្បី​បង្វែងដាន និង​គេចខ្លួន ។​

​ព័ត៌មាន​លម្អិត រង់ចាំ​សមត្ថកិច្ច​ស្រាវជ្រាវ​បញ្ចប់​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕