ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច ផ្ចិតផ្ចង់ឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុកជាកេរដំណែល​

1 នាទី មុន

ខេត្តសៀមរាប៖ គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨…

ខេត្តសៀមរាប៖ គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញានេះថា
បច្ចុប្បន្ន មានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។

លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ ក្នុងចំណោមអ្នកជំនាញឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច រៀបរាប់ថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០០ រៀនជំនាញដាប់ឆ្លាក់លើថ្មថ្មីដែលជំនួសថ្មចាស់ដែលបាត់បង់តាមទ្រង់ទ្រាយដើមឡើងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់ដើមនៅសេសសល់ពីថ្មប្រាសាទជាគំរូផង។ លោក ឈឿង ជ័យ ឱ្យដឹងទៀតថា តាមរយៈបទពិសោធជាច្រើនឆ្នាំនៃការដាប់ឆ្លាក់នៅតាមការដ្ឋានជួសជុលប្រាសាទនានា លោកបានខិតខំអស់ពីសមត្ថភាពក្នុងការដាប់ឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើមរបស់ប្រាសាទមេបុណ្យខាងលិច ដែលផ្នែកខ្លះថ្មចាស់ត្រូវបានបាត់បង់ដើម្បីទុកជាកេរដំណែលរាប់រយឆ្នាំបន្តទៅមុខទៀត។

ចំណែក លោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជំនាញឆ្លាក់ក្បាច់ចម្លាក់នៅសិប្បករអង្គរ (Artisan Angkor) ដែលបានចូលធ្វើការងារជួសជុលប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០១៩ ផ្នែកឆ្លាក់ក្បាច់ បានឱ្យដឹងថា ការងារដាប់ឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់ផ្នែកនៃប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពីកម្លាំងកាយចិត្តក្នុងនាមជាអ្នកបន្តវេនលើការងារដាប់ឆ្លាក់។ លោក ហាំ ហាន់ សប្បាយចិត្ត ដែលបានរួមចំណែកក្នុងការចូលរួមឆ្លាក់ក្បាច់នៅប្រាសាទបុរាណ ពិសេស ប្រាសាទមេបុណ្យខាងលិច ដូចក្តីបំណង ដែលប៉ងប្រាថ្នាជាតាំងពីយូរមកហើយនេះ។

សូមជម្រាបជូនថាប្រាសាទមេបុណ្យខាងលិច កសាងឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នាអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ នៅកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះបានដួលរលំបាក់បែកខ្លាំងដោយសារអាយុកាល និងការបំផ្លាញដោយកត្តាធម្មជាតិ។ ក្រុមអ្នកអភិរក្ស ដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានជួសជុលប្រាសាទមេបុណ្យខាងលិច រយៈពេល៧ឆ្នាំមកហើយ។ ការជួសជុលនេះគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២៦ ខាងមុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ