ប្រជាពលរដ្ឋខ្មែរបានដឹងហើយថា អត្តសញ្ញាណបណ្ណមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការបង្ហាញអំពីអត្តសញ្ញាណរបស់បុគ្គលសាមីដែលកាន់កាប់បណ្ណនោះ ។ ប៉ុន្ដែអត្តសញ្ញាណបណ្ណខ្មែរដែលអស់សុពលភាព មិនមានតម្លៃប្រើប្រាស់ជាផ្លូវការបានទេ ។

សូមបងប្អូនប្រជាពលរដ្ឋប្រញាប់អញ្ជើញទៅបំពេញបែបបទ ដើម្បីស្នើសុំថតធ្វើថ្មី ។ ហើយសម្រាប់បងប្អូនដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាពយូរឆ្នាំក៏អាចទៅធ្វើថ្មីម្ដងទៀតឲ្យបានគ្រប់ៗគ្នា ព្រោះមិនមានគិតកម្រៃសេវា ហើយក៏គ្មានការផាកពិន័យណាមួយទេ ។
យោងតាមឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានបង្ហោះសារលើហ្វេសប៊ុកផេក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានចែករំលែកថា ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលហួសសុពលភាពយូរក៏អាចមកធ្វើបានដែរ ដោយមិនគិតកម្រៃសេវា ហើយក៏គ្មានការផាកពិន័យណាមួយដែរ ។

សូមបញ្ជាក់ផងដែរថា សម្រាប់នីតិវិធីនៃការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ករណីផុតសុពលភាព គឺសាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ជាមួយក្រុមមន្ត្រីនគរបាលជំនាញនៅទីកន្លែងចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយភ្ជាប់មកជាមួយនូវ ៖ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬនៅមានសុពលភាពត្រឹម៩០ថ្ងៃ ឬតិចជាង -ករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពនោះត្រូវបានបាត់បង់ ត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងស្តីពីការបាត់បង់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ -ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់មកជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅសម្រាប់គោលដៅនៃការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមអាសយដ្ឋានថ្មី ។

-បំពេញសលាកបត្រព័ត៌មាន សុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ – ផ្តិតខ្ចៅដៃ ថតរូប និងចុះហត្ថលេខា ។ សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ ។
មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ ដូច្នេះសូមអញ្ជើញទៅបំពេញបែបបទធ្វើឱ្យបានគ្រប់ៗគ្នា ៕


ចែករំលែកព័តមាននេះ