ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនជាតិ​ប៉ា​គី​ស្ថាន​៤​នាក់ ករណី​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ

11 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មាន​បទបញ្ជារ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មាន​បទបញ្ជារ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ ។

ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖
១-​ឈ្មោះ SAMI RAO ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន មុខរបរ ហាង​លក់​បាយ មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ WASSI RAJ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន មុខរបរ លក់​បាយ មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ ATIQ UR REHMAN ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ SAMEER KHAN ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​ខាងលើ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៥​និង​០០​នាទី នៅ​ចំណុច​មុខ​ហាង​កាហ្វេ​ប្រោ​ន ស្ថិត​នៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បង្ក​ដោយ​ជនសង្ស័យ​ចំនួន​០៤​នាក់ បាន​ធ្វើ​សកម្មភាព​បើករថយន្ត​០១​គ្រឿង​ម៉ាក PRIUS ពណ៌​ស ទៅ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ RAHMAN MD AFZANUR ដែល​ជិះ​គ្នា​ចំនួន​០៣​នាក់ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ហើយ​ក្រុម​ជនសង្ស័យ​បាន​ចុះ​ពីលើ​រថយន្ត​ចាប់​ជន​រង​គ្រោះ​ដាក់​ចូល​ក្នុង​រថយន្ត ហើយ​ជិះ​គេច​ចេញពី​កន្លែង​កើតហេតុ រួច​វាយ​ធ្វើបាប​ទៅ​លើ​ជន​រង​គ្រោះ និង​គំរាម​ឱ្យ​ជន​រង​គ្រោះ​បើក​ទូរ​សព្ទ​ចូល​ក្នុង​កុង​ធនាគារ​ផ្ទេរ​ប្រាក់​ទាំងអស់​ឱ្យ​ជនសង្ស័យ បើ​ជន​រង​គ្រោះ​មិន​ព្រម​ផ្ទេរ​ប្រាក់​ទេ ក្រុម​ជនសង្ស័យ និង​វាយ​សម្លាប់​ចោល ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​បន្ត​ថា ក្រោយមក​ជន​រង​គ្រោះ ខ្លាច​គេ​សម្លាប់​ក៏​បាន​ផ្ទេរ​ប្រាក់​ឱ្យទៅ​ក្រុម​ជនសង្ស័យ​នោះ​ទាំងអស់ សរុប​ចំនួន​ ១២,៥០០$ (​មួយ​ម៉ឺន​ពីរ​ពាន់​ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក​) ។ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ផ្ទេរ​ប្រាក់​ឱ្យ​រួច​ហើយ ក្រុម​ជនសង្ស័យ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ខេត្តកំពត ហើយ​នាំ​ជន​រង​គ្រោះ​ចូល​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​ក្នុង​ខេត្តកំពត រួច​វាយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​រង​គ្រោះ រួច​ថត​វី​ដេ​អូ ផ្ញើ​មក​មិត្តភក្តិ​របស់​ជន​រង​គ្រោះ ដើម្បី​គំរាម​ទារប្រាក់​ចំនួន​៣០,០០០$ (​បី​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) បើ​មិន​ដូច​ច្នេះ​ទេ និង​សម្លាប់​ជន​រង​គ្រោះ​ចោល ក្រោយមក​មិត្តភក្តិ​របស់​ជន​រង​គ្រោះ បាន​ឡើង​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ប្ដឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ និង​សង្គ្រោះ​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ ។

បន្ទាប់​ពី​ទទួល​បណ្ដឹង​រួច​ហើយ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ កំណត់​បាន​ភិន​ភាព​ជនសង្ស័យ រហូត​ដល់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣​និង​០០​នាទី ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចុះ​ប្រតិបត្តិការ​លើ​ករណី​ខាងលើ នៅ​ចំណុច​កោះ​ស្មៅ ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​ខាងលើ និង​រំដោះ​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ រួច​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាត់ការ​តាម​នីតិវិធី ។

វត្ថុ​តាង​ចាប់​យក​បាន ៖
-​ទូរ​សព្ទ​ម៉ាក I PHONE 15PRO MAX ពណ៌​ស ០១​គ្រឿង និង​ម៉ាក I PHONE 15PRO ពណ៌​ប្រផេះ ០១​គ្រឿង
-​ទូរ​សព្ទ​ម៉ាក I PHONE 15PRO MAX ពណ៌​ស ០១​គ្រឿង
-​ទូរ​សព្ទ​ម៉ាក I PHONE13 ពណ៌​ស ០១​គ្រឿង
-​ទូរ​សព្ទ​ម៉ាក I PHONE11 ពណ៌​ខ្មៅ
-​លិខិតឆ្លងដែន​ចំនួន​០២​ក្បាល ។

ចំពោះ​ជនសង្ស័យ​ចំនួន ០៤​នាក់ ភេទ​ប្រុស ជនជាតិប៉ា​គី​ស្ថាន ព្រមទាំង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ