រាជធានីភ្នំពេញ ៖ កម្ពុជាបានធ្វើការយ៉ាងស្រាកស្រាំក្នុងការទាមទារឲ្យថៃ ឆាប់ប្រគល់ទាហាន១៨រូប ដែលបានចាប់ខ្លួនមកឲ្យកម្ពុជវិញឲ្យបានឆាប់ ដោយគ្មានល័ក្ខខណ្ឌ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការទេសកម្ពុជា ។
ក្រសួងការបទេស បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មានរយៈពេល ៤២ថ្ងៃហើយ ដែលទាហានថៃ បានបន្តឃុំខ្លួនកងទ័ពកម្ពុជា ដោយខុសច្បាប់ ដោយការបំពានបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ ដែលចូលជាធរមាន វេលាម៉ោង ២៤:០០ យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ដែលកងកម្លាំងថៃ បានឃុំខ្លួនក្រោយបទឈប់បាញ់ បានធ្វើមាតុភូមិនិវត្តន៍ មកមាតុប្រទេសវិញ ដោយប្រើប្រាស់វិធីសាស្ត្ររួមរបស់ខ្លួន តាមរយៈមធ្យោបាយច្បាប់ មនុស្សធម៌ និងការទូត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ៖ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើង តាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វី ដែលរាជរដ្ឋាភិបាល ដោះស្រាយជូន។ ខ្មែរជួយខ្មែរនេះ មានតាំងពីមុនផ្ទុះអាវុធកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកម្ល៉េះ ក្រោមស្មារតី យើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយ បញ្ហា ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងលិខិតចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ផ្ញើជូន ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានលើកឡើងថា ៖ «កម្ពុជា និងថៃ ជាប្រទេសជាប់ព្រំដែន និងជាសមាជិកនៃអាស៊ាន ដូចគ្នា។ សន្តិភាព ការរួមរស់ដោយសន្តិ និងការរីកចម្រើនរួមគ្នារវាង ប្រទេសទាំងពីរ គឺជាបំណងប្រាថ្នារបស់ប្រជាជន នៃប្រទេសយើងទាំងពីរ ។
សម្តេចបានលើកឡើងទៀតថា ក្នុងការស្វះស្វែងរកការដោះលែងទាហានកម្ពុជា ចំនួន១៨រូប ដែលត្រូវបានទាហានថៃ ចាប់ខ្លួន បន្ទាប់ពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងក្នុងការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី – ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តគំនិតផ្តួចផ្តើមការទូត យ៉ាងសកម្ម និងខ្ជាប់ខ្ជួន ដោយបានលើកឡើងបញ្ហានេះជាប្រធានបទជាប្រចាំ ជាមួយបណ្តាភាគីសំខាន់ៗក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ និងអន្តរជាតិ រួមទាំងនៅ កំរិតបណ្តាអង្គទូតនៅភ្នំពេញ រួមទាំងតំណាងអង្គការអន្តរជាតិ សំដៅជំរុញឱ្យមានការដោះលែងទាហានកម្ពុជា ទាំង១៨រូប ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងដើម្បីធានាដល់ការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ។
ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFA-IC) បានអនុវត្តកិច្ចខិតខំប្រឹងប្រែងទាំងនេះតាមរយៈការចរចាផ្លូវទូតយ៉ាងសកម្ម និងក្នុងមធ្យោបាយយ៉ាងទូលំទូលាយ។
សកម្មភាពទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរឹងមាំរបស់កម្ពុជា ក្នុងការការពារសិទ្ធិរបស់ពលរដ្ឋខ្លួន ជំរុញ ការបន្ធូរបន្ថយភាពតានតឹង និងគាំទ្រគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ។
កម្ពុជាសូមគូសបញ្ជាក់ នូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ និងក្នុងស្មារតី នៃការលើក ស្ទួយទំនាក់ទំនងល្អរវាងអ្នកជិតខាង ដែលមានគោលបំណងធានាឱ្យមានស្ថិរភាព សន្តិសុខ និងការរីកចម្រើនរួមគ្នាជារៀងរហូត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៕



ចែករំលែកព័តមាននេះ