ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​បាតុករ​នៅ​ណេប៉ាល់​ដុត​បំផ្លាញ​វិមាន​រដ្ឋ​សភា​ឱ្យ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ

12 ម៉ោង មុន

ទី​ក្រុង​កាត់​ត្មាន់​ឌូ៖ ស្ថាន​ការណ៍​នៅ​ប្រទេស​ណេប៉ាល់​កាន់​តែ​ជ្រួល​ច្របល់​ខ្លាំង​មែនទែន​ហើយ​។ នៅ​យប់​ថ្ងៃ​អង្គារ​នេះ ហ្វូង​បាតុករ​រាប់​រយ​នាក់​សម្រុក​ចូល​វិមាន​រដ្ឋ​​សភា​នៅ​រដ្ឋ​ធានី​កាត់​ត្មាន់​ឌូ​ និង​ដុត​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ គេ​អាច​មើល​ឃើញ​ពី​ចម្ងាយ​នូវ​ភ្លើង​ឆេះ​ចេញ​ពី​អគារ​។ ហ្វូង​បាតុករ​បន្ទាប់ពី​ដុត​ឆេះ​ហើយ​ ពួក​គេ​មិន​បាន​ទៅ​ណា​ទេ​ ពួក​គេ​សំកុក​នៅ​ក្បែរ​ៗ​បរិវេណ​សភា​។ ហ្វូង​បាតុករ​បាន​ធ្វើ​ផ្គើន​នឹង​បម្រាម​គោចរ​ដែល​ដាក់​ចេញ​ដោយ​អាជ្ញា​​ធរ​។…

ទី​ក្រុង​កាត់​ត្មាន់​ឌូ៖ ស្ថាន​ការណ៍​នៅ​ប្រទេស​ណេប៉ាល់​កាន់​តែ​ជ្រួល​ច្របល់​ខ្លាំង​មែនទែន​ហើយ​។ នៅ​យប់​ថ្ងៃ​អង្គារ​នេះ ហ្វូង​បាតុករ​រាប់​រយ​នាក់​សម្រុក​ចូល​វិមាន​រដ្ឋ​​សភា​នៅ​រដ្ឋ​ធានី​កាត់​ត្មាន់​ឌូ​ និង​ដុត​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ គេ​អាច​មើល​ឃើញ​ពី​ចម្ងាយ​នូវ​ភ្លើង​ឆេះ​ចេញ​ពី​អគារ​។ ហ្វូង​បាតុករ​បន្ទាប់ពី​ដុត​ឆេះ​ហើយ​ ពួក​គេ​មិន​បាន​ទៅ​ណា​ទេ​ ពួក​គេ​សំកុក​នៅ​ក្បែរ​ៗ​បរិវេណ​សភា​។

ហ្វូង​បាតុករ​បាន​ធ្វើ​ផ្គើន​នឹង​បម្រាម​គោចរ​ដែល​ដាក់​ចេញ​ដោយ​អាជ្ញា​​ធរ​។ ពួក​គេ​ហាក់​ដូច​ជា​មាន​កំហឹង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ករណី​ស្លាប់​គ្នា​របស់​គេ​កាល​ពី​ម្សិល​មិញ​។ ​ពួក​បាតុករ​ខ្លះ​រាំ និង​ស្រែក​ពាក្យ​ជ័យ​ឃោស​​នៅ​ក្បែរ​កន្លែង​ឆេះ​នៃ​មាត់​ច្រក​ចូល​អគារ​។ ពួក​គេ​ភាគ​ច្រើន​កាន់​ទង់​ជាតិ​ណេប៉ាល់​។ គ្នា​របស់​គេ​ខ្លះ​ដើរ​ចូល​ទៅក្នុង​អគារ​ដែល​​កញ្ចក់​បង្អួច​ត្រូវ​បាន​វាយ​បំ​បែក​​ខ្ទេច​ខ្ទី​អស់​។

នៅ​ខាង​ក្រៅ​អគារ ​គេ​ឃើញ​តែ​ការ​បាញ់​ថ្នាំ​ប្រឡាក់​ពាស​ពេញ​ជញ្ជាំង​។ ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​មន្ត្រី​ជាន់​ខ្ពស់​របស់​ណេប៉ាល់​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ទី​​ន្លែង​សុវត្ថិ​ភាព​ក្រោម​ការ​ការ​ពារ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​។ រហូត​ម​ក​ដល់​ពេល​នេះ​ ក្រុម​បាតុករ​នៅ​តែ​មិន​ព្រម​ទម្លាក់​ចោល​ការ​ទាម​ទារ​របស់​ពួក​គេ​ដែល​ស្នើ​សុំ​ឱ្យ​កម្ចាត់​អំពើ​ពុក​រលួយ​។ តាម​មើល​ទៅ​ ចលនា​បាតុកម្ម​នេះ​កើត​ឡើង​ដោយឯក​ឯង​​ និង​គ្មាន​នរណា​បញ្ជា​ពី​ក្រោយ​ទេ​​។

បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ណេប៉ាល់​ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ល្ងាច​មិញ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​នរណា​នឹង​ឡើង​មក​ជំនួស​លោក​។ ម៉្យាង​ទៀត​ មិន​ទាន់​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ឬ​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ទេ​។ គេ​ឃើញ​តែ​មន្ត្រីកំពូល​ៗ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​ថ្នាក់​ក្រោម​ៗ​អំពា​វ​នាវ​​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​។​​

សម្រាប់​ពេល​នេះ នយោបាយ​ណេប៉ាល់​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចំហ​នៅ​ពេល​គ្មាន​មេ​ដឹក​នាំ​។ បើ​នៅ​តែ​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត​ ​គេ​បារម្ភ​ថា​អំពើ​ហិង្សា​អាច​នឹងបន្ត​កើត​ឡើង​។ តាម​ពិត កង​ទ័ព​ណេប៉ាល់​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិ​ពល និង​ជា​ទី​គោរព​​។​ ពួក​គេ​អាច​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ថែ​រក្សាសណ្ដាប់​ធ្នាប់​ឡើង​វិញ​។ ប៉ុន្តែ​បញ្ហា​ច្បាប់​ និង​សណ្ដាប់​ធ្នាប់​ជា​កិច្ច​ការ​របស់​នគរ​បាល​។ ហេតុ​នេះ​ហើយ​​ ពួក​គេ​មិន​ទាន់​ចង់​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​នេះ​ទេ​។ ​នេះ​បើ​យោង​តាម​ប្រភព​ពី​ប៊ីប៊ីស៊ី និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ