ខេត្តស្វាយរៀង ៖ រថយន្តយីឌុប ១គ្រឿង ដឹកទំនិញសំពីងសំពោង លើសទម្ងន់ បណ្តាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ ក្អួតចេញប្រេងឆារាប់រយកាន និងមីរាប់រយកេសខ្ទាតរាយប៉ាយពេញចិញ្ចើមផ្លូវ និងធ្លាក់ចូលក្នុងទឹកហាវថ្នល់ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីព្រឹកថ្ងៃទី៨ កញ្ញា ២០២៥ នៅចំណុចខាងកើតទីស្នាក់ការគណបក្សឃុំបុសមន ភូមិបុសមនឃុំបុសមន ស្រុករំដួល ។
បើតាប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ដែលក្រឡាប់នោះ ដឹកទំនិញសំពីងសំពោង ខ្ពស់កប់ពពក សង្ស័យលើសទម្ងន់ ខណៈកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ចេញពីច្រកទ្វារទ្វេភាគីបុសមន ឆ្ពោះទៅផ្លូវជាតិលេខ១៣ បន្តទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែផ្អៀងក្រឡាប់ផ្ងារជើងឡើងលើ ចាក់ចោលទំនិញរាយប៉ាយលើចិញ្ចើមផ្លូវ និងធ្លាក់ចូលទៅក្នុងទឹកហាវថ្នល់ មានប្រេងឆា(អត់ស្លាកយីហោ)រាប់រយកាន(ចំណុះ៣០លីត្រ) និងមីខ្លាឃ្មុំរាប់រយកេស ៕




ចែករំលែកព័តមាននេះ