ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​​សន្ធោសន្ធៅ ផ្ទះ​ប៉ះ​កង់​រថយន្ត ​និង​ទិញ​-​លក់​ប្រេង ​នៅ​ស្រុក​កណ្ដាលស្ទឹង

13 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ផ្ទះ​ប៉ះ​កង់​រថយន្ត ​និង​ទិញ​-​លក់​ប្រេង​មួយ​កន្លែង ត្រូវ​បាន​អគ្គិ​ឆាបឆេះសន្ធោសន្ធៅ​ និង​មាន​ផ្សែង​ខ្មៅ​ឃ្មួ​ល​ខ្មាញ់​ហុយ​ឡើង​កប់​អាកាសវេហាស៍ បណ្ដាល​មក​ពី​ឧប្បត្តិហេតុ​ចរន្តអគ្គិសនី ​ចេញពី​បង្គោល​ភ្លើង ​នៅ​ជាប់​ផ្ទះ​ខាងលើ​នោះ ។…

រាជធានីភ្នំពេញ ​៖ ផ្ទះ​ប៉ះ​កង់​រថយន្ត ​និង​ទិញ​-​លក់​ប្រេង​មួយ​កន្លែង ត្រូវ​បាន​អគ្គិ​ឆាបឆេះសន្ធោសន្ធៅ​ និង​មាន​ផ្សែង​ខ្មៅ​ឃ្មួ​ល​ខ្មាញ់​ហុយ​ឡើង​កប់​អាកាសវេហាស៍ បណ្ដាល​មក​ពី​ឧប្បត្តិហេតុ​ចរន្តអគ្គិសនី ​ចេញពី​បង្គោល​ភ្លើង ​នៅ​ជាប់​ផ្ទះ​ខាងលើ​នោះ ។

ហេតុការណ៍​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ​ស្ថិត​នៅ​ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ក្រាំង​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាប់​មហាវិថី​ ស៊ី​ ជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ផ្ទះ​ដែល​រង​ការ​ឆាប​ឆេះ​នោះ​សាងសង់​អំពី​ដែក​ ទំហំ​៣០​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ បិទ​បាំងជញ្ជាំង​ និង​ប្រក់​ដំបូល​ស័ង្កសី ជាទី​តាំង​ប៉ះ​ និង​ដូរ​សំបក​កង់​រថយន្ត​តូច​ធំ​គ្រប់​ប្រភេទ ព្រមទាំង​មាន​ទិញ​-​លក់​ប្រេង​ផង​ដែរ ។ ម្ចាស់​នេះ ​ឈ្មោះ​ ផាត់ ផា អាយុ​៣៩​ឆ្នាំ ហើយ​ផ្ទះ​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ ឬ​អ្នក​ផ្សេង​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ​ហើយ​ក៏​មិន​បាន​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ដ​ទៃ​ដែរ ព្រោះ​ផ្ទះ​នេះ​សង់​នៅ​ក្នុង​ដី​ឡូ​ត៌ ​ដាច់​ដោយឡែក​ពី​គេឯង ។

ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​កើតហេតុ​ មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​បង្គោល​ភ្លើង ​នៅ​ជាប់​ផ្ទះ​គាត់​នោះ ហើយ​ក៏​បាន​ឆាបឆេះ​ដល់​ប្រេង ​និង​សំបក​កង់​រថយន្ត​នៅ​ក្នុងផ្ទះ​យ៉ាង​ឆាប់រហ័ស ។ នៅ​ពេល​ដឹង​ថា ​មាន​ភ្លើង​ឆេះ​ភ្លាម គាត់​បាន​នាំ​គ្នា​ពន្លត់ភ្លើង​ដែរ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ​សោះ ដោយ​កាន់តែ​ពន្លត់ភ្លើង​ បាន​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ មិន​បាន​ថមថយ​ទេ ហើយ​ក៏​មិន​អាច​យក​របស់​អ្វី​ចេញ​ទាន់​ដែរ ព្រោះ​ភ្លើង​ឆេះ​ខ្លាំង​ពេក ។

សមត្ថកិច្ច​ បាន​ប្រាប់​បន្ថែម​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម កម្លាំង​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចេញ​អន្តរ​គម​ន៍ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង រួម​ទាំង​អ្នក​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​នាក់ មក​ពី​បណ្ដា​អង្គភាព ​និង​ក្រុមហ៊ុន​ឯក​ជានា​នា បាន​ចេញ​ទៅ​កាន់​ទីនោះ ។
ក្រុម​អ្នក​ពន្លត់ភ្លើង​បាន​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ប៉ុន្តែ​ផ្ទះ​ខាងលើ​រួម​ទាំង​សម្ភារៈ​ទាំងអស់​បាន​ក្លាយទៅជា​ចំណី​ព្រះ​អគ្គិ​អស់ទាំង​ស្រុង​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ