ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ព្រែក​ឆ្លង​ធ្វើ​ឱ្យ​ជន់​លិច​លំនៅ​ឋាន​ពលរដ្ឋ​ជិត​១០០​គ្រួសារ​​​

11 ម៉ោង មុន
  • ក្រចេះ

ខេត្ត​ត្បូង​ឃ្មុំ​-ក្រចេះ​ ៖ ដោយសារ​តែ​ភ្លៀង​បាន​ធ្លាក់​ជាប់​ៗគ្នា​ជា​ច្រើន​មេ ​ជា​ហេតុ​ធ្វើ​ឱ្យ​​ទឹក​ព្រែក​ឆ្លូង នៅ​ភូមិប​ល្ល័​ង្គ ឃុំ​ដំរី​ផុង មាន​ព្រំប្រទល់​ជាប់​ជាមួយ​ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ហក់​ឡើង…

ខេត្ត​ត្បូង​ឃ្មុំ​-ក្រចេះ​ ៖ ដោយសារ​តែ​ភ្លៀង​បាន​ធ្លាក់​ជាប់​ៗគ្នា​ជា​ច្រើន​មេ ​ជា​ហេតុ​ធ្វើ​ឱ្យ​​ទឹក​ព្រែក​ឆ្លូង នៅ​ភូមិប​ល្ល័​ង្គ ឃុំ​ដំរី​ផុង មាន​ព្រំប្រទល់​ជាប់​ជាមួយ​ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ហក់​ឡើង ជា​ហេតុ​ធ្វើឱ្យ​​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋរងការ​ជន់​លិច​ប៉ះពាល់​ចំនួន​៨៨​គ្រួសារ​។ ​ជា​មួយ​នោះ​ ក៏​មានគ្រួសារ​ខ្លះ ​ផ្ទះ​ត្រូវ​ទឹក​លិច​នៅ​មិនកើត បាន​បង្ខំចិត្ត​ទៅ​កាន់​ទីទួល​សុវត្ថិភាព ហើយ​​អាជ្ញាធរ​មូលដ្ឋាន​ បាន​ក្រើនរំលឹក​ឱ្យ​​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេង​លង់ទឹក​ ពិសេស ​ចៀស​វាង​​កុំ​ឱ្យ​​សត្វ​អ​សិរ​ពិស​ខាំ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។

លោកស្រី ​សឹម ស្រី​ពុំ មេឃុំ​ដំរី​ផុង​បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​តូច​ធំ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិប​ល្ល័​ង្គ ដោយ​សង់​នៅ​បន្តបន្ទាប់​គ្នា គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨​ កញ្ញា ឆ្នាំ​២០២៥ នេះ គឺ​ទឹក​ព្រែក​បាន​ឡើង​​ហៀរហូរ​មក​ចូល​ភូមិ​ ជា​ហេតុ​បណ្ដាល​ឱ្យ​លិច​ក្រោមផ្ទះ​ពលរដ្ឋ​។ ​ក្នុង​នោះ​ មាន​ពីរ​គ្រួសារ​ត្រូវ​បាន​បិទទ្វារ​ផ្ទះ​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​រំចេក ​ស្រុក​មេមត់ ដោយឡែក ​គ្រួសារ​ខ្លះ​ទៀត​ បាន​មក​រស់នៅ​ទីទួល​សុវត្ថិភាព​ស្រែ​ព្រៀក​ចំនួន​៦​គ្រួសារ សូម​បញ្ជាក់​ថា ​ព្រែក​ឆ្លង​នេះ​ គឺ​តំបន់​ទំនាប ពេល​ដែល​ភ្លៀង​ធ្លាក់​មក​ គឺ​ទឹក​ហូរ​ពី​គ្រប់​ទិស​ទី​ចូល​មក​ព្រែក​នេះ​តែ​ម្ដង​។

មេឃុំ​ដំរី​ផុង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង ​​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ដោយ​ទទួល​បាន​
របាយការណ៍​នៅ​ភូមិប​ល្ល័​ង្គ ឃុំ​ដំរី​ផុង មាន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ ​ដោយ​ទឹកជំនន់​ជន់​លិច​ចូល​ដល់​ផ្ទះសម្បែង​បងប្អូន​ទាំង​៨៨​គ្រួសារ​ ដែល​រស់នៅ​ទីនោះ​សរុប​៣៦៧​នាក់​ ។ បន្ទាប់​មក លោក​ស្រី​ គង់ លឹ​ម​ហូ អភិបាលស្រុក​ឆ្លូង បាន​ដឹកនាំ​ក្រុមការងារ​ស្រុក ឃុំ ភូមិ យុវជន ចុះ​សួរសុខទុក្ខ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ នឹង​បាន​ចែក​ជូន​នូវ​ចំណីអាហារ​មួយ​ចំនួន និង​ថ្នាំ​បង្ការ​ផ្សេង​ៗ​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​ចាស់ជរា មាន​ជំងឺ បន្ទាប់​មក​ទៀត លោកស្រី បាន​មាន​ប្រសាសន៍​ក្រើនរំលឹក​ដល់​បងប្អូន អំពី​ការ​ថែទាំ​សុខភាព​របស់​ខ្លួន ដូច​ជា​ការ​បរិភោគ​ទឹក​ដាំ​ពុះ​បរិភោគ​អាហារ​ផ្សេង​ៗ ត្រូវ​មាន​អនាម័យ​ល្អ​និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ជា​ពិសេស​ ជួយ​តាមដាន​ចំពោះ​កុមារ​តូច​ៗ កុំ​ឲ្យ​ចុះ​លេង​ទឹក​ផ្តេសផ្តាស់ ព្រោះ​ខណៈ​ពេល​នេះ​ទឹក​ព្រែក កំពុង​ជន់​លិច​ខ្លាំង ។

លោកស្រី​អភិបាលស្រុក​ឆ្លូង​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​Pin ដែល​បាន​ផ្តល់​ទូក​សង្គ្រោះ​ចំនួន​២​គ្រឿង អាវ​ពោង​ចំនួន​២៥​អាវ ជូន​ដល់​គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​ឃុំ​ដើម្បី​យក​មក​ប្រើ​ប្រាស់​ជា​ប្រយោជន៍​រួម​ជូន​ដល់​បងប្អូន ដែល​កំពុង​រង​ផល ប៉ះពាល់​ដោយ​ទឹកជំនន់ នឹង​ត្រៀម​បង្ការ​ពី​គ្រោះ​មហន្តរាយ កើត​មាន​ឡើង​ដោយ​យថាហេតុ​។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិប​ល័​ង្គ​លើក​ឡើង​ថា​នៅ​តំបន់​នេះ​មិន​មាន​អគ្គិសនី​ប្រើ​ប្រាស់​នោះ​ទេ ឱ្យ​តែ​ដល់​រដូវប្រាំង​គឺ​ពលរដ្ឋ​ពិបាក​ក្នុង​ការ​រស់នៅ​បន្តិច​ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ​។ ចំណែក​ផ្លូវ​លំនៅ​ភូមិប​ល្ល័​ង្គ​ប្រវែង​៦០០០​ម៉ែត្រ បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ហូរ​ច្រោះ​ដាច់ ហើយ​បើ​ពេល​អនាគត​មានការ​គិតគូរ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ទី​នេះ​ប្រែ​ក្លាយទៅជា​ផ្លូវ​បេតុង​នោះ​ភ្លើងអគ្គិសនី​និង​មក​ដល់​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ