ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ជុំវិញ​ការបង្ករ​របួសស្នាម​អ្នក​ចូល​​ឃាត់​រឿង​ទាស់​គ្នា​​បែរ​ជា​រងគ្រោះ​

13 ឆ្នាំ មុន

​ខេត្តស្ទឹង​ត្រែង​​​ ៖ ​​នគរបាល​​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​នៃ​​​ស្នងការ​នគរបាល​ខេត្ត​បានឃាត់​ ខ្លួន​​ជនសង្ស័យ​ម្នាក់​​ និង​កសាង​សំណុំរឿង​​ពីបទ​ប៉ុន​ប៉ង​​មនុស្សឃាត​ បញ្ជូន​​ខ្លួន​​ទៅកាន់​​​សាលា​ដំបូង​ខេត្ត ​កាលពីព្រឹកថ្ងៃទី​​១៣ កក្កដា ​កន្លង​មក​​នេះ ​។ មន្ត្រី​​នគរបាលព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​បាន​ឱ្យ​​ដឹង​​ថា ជនសង្ស័យ​​នោះ​ឈ្មោះ​​​​យឹម វ ភេទ​ប្រុស

ខេត្តស្ទឹង​ត្រែង​​​ ៖ ​​នគរបាល​​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​នៃ​​​ស្នងការ​នគរបាល​ខេត្ត​បានឃាត់​ខ្លួន​​ជនសង្ស័យ​ម្នាក់​​ និង​កសាង​សំណុំរឿង​​ពីបទ​ប៉ុន​ប៉ង​​មនុស្សឃាត​ បញ្ជូន​​ខ្លួន​​ទៅកាន់​​​សាលា​ដំបូង​ខេត្ត ​កាលពីព្រឹកថ្ងៃទី​​១៣ កក្កដា ​កន្លង​មក​​នេះ ​។ មន្ត្រី​​នគរបាលព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​បាន​ឱ្យ​​ដឹង​​ថា ជនសង្ស័យ​​នោះ​ឈ្មោះ​​​​យឹម វ ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ជា​កម្មករ​​ចំការ​កៅស៊ូ ​នៅ​ភ្នំ​ក្រហម ​ភូមិស្រែ​ក្រសាំង ​ឃុំ​ស្រែក្រសាំង ​ស្រុក​​សៀម​​បូក​។

ជុំវិញការ​ចាប់ខ្លួន​​ជនសង្ស័យ​​បញ្ជូន​មក​តុលា​ការ​នេះ​ដោយសារ​តែ​​​ទទួលពាក្យ​បណ្តឹង​​ពីក្រុម​​គ្រួសារ​​របស់​ជនរងគ្រោះ​ឈ្មោះ​​​ខាត់ ខុម អាយុ​៤៥​ឆ្នាំ ជា​កសិករ រស់នៅ​ចំណុច​ភ្នំក្រហម ភូមិ​ស្រែ​ក្រសាំង ឃុំស្រែ​ក្រសាំង ស្រុក​សៀម​បូក បាន​​ចោទ​​ទៅលើជនសង្ស័យ ពីបទ​ប៉ុនប៉ង​មនុស្ស​​ឃាត​​ ទើប​​សមត្ថ​កិច្ច​​ជំនាញ​ឃាត់​ខ្លួន ​នាំ​មក​ស្នង​ការ​នគរ​បាល​​ខេត្ត ​កាលពីថ្ងៃទី​១១ កក្កដា ឆ្នាំ​២០១១ ​កន្លងទៅ​នេះ ​ដើម្បី​​សាក​សួរ និង​បើក​​ការ​ស្រាវជ្រាវ ហើយ​កសាង​សំណុំរឿង​​បញ្ជូនទៅ​​​តុលាការ​ចាត់ការបន្ត​។

គួររំលឹក​​​ថា ​​នៅវេលាម៉ោង​​៨​យប់​ថ្ងៃ​ទី​​១០ កក្កដា ​ឆ្នាំ​​២០១១ ឈ្មោះ​​ខាត់ ខុម ត្រូវ​​បាន​​កម្មករ​ចំការ​កៅស៊ូ​​២នាក់​​​ព្រួត​គ្នា​​ចាក់នឹង​កាំ​បិត​​ចុងស្រួច​មុត​ក្រោម​ចុងដង្ហើម​​​ខាង​ឆ្វេង បណ្តាល​​ឱ្យ​​​​​ដេក​ដួល​​ទៅលើ​​ដី រង​របួសជា​ទម្ងន់​​ និង​ត្រូវ​បាន​បញ្ជូន​​មក​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​។

ជន​រងគ្រោះ​បាន​និយាយ​​ថា ​នៅ​យប់កើត​​​ហេតុ​នោះ​ខ្លួន​​បាន​ដើរ​ចេញពី​ផ្ទះ​​បំណង​ទៅ​​ទិញ​ម្ហូប​ដែល​មាន​​ចម្ងាយ​​ផ្លូវពីផ្ទះ​ប្រមាណ​​ជា​១០០​ម៉ែត្រ ។ ​លុះ​មក​ដល់​ចំណុច​​កើត​​ហេតុ​ខាងលើ ​ជា​ចំណុច​ជិត​ដល់​ផ្ទះ​លក់ម្ហូប​ទៅហើយ​ គាត់​​បាន​ឃើញ​​យុវជន​​ពីរនាក់​​កំពុងឈ្លោះ​គ្នា​ ឃើញ​ដូច្នេះ​​គាត់​ក៏​បាន​ចូលទៅឃាត់​កុំ​ឱ្យ​ឈ្លោះ​គ្នា ខណៈ​ចូលទៅ​ដល់​ក៏ស្រាប់តែ​​យុវជនទាំង​​​ពីរ​នាក់​នោះ ស្ទុះ​មក​ចាក់​គាត់ទាំង​កម្រោល​ដោយ​​គ្មាន​មូល​ហេតុ ធ្វើ​ឱ្យគាត់​ដួល​​សន្លប់​​បាត់​ស្មារតី​។ លុះ​ពេល​​ដឹង​ខ្លួន​ឡើង ​​​រូប​គាត់​ស្ថិតនៅ​​ក្នុងបន្ទប់​​​សង្គ្រោះ​​​​​នៃ​មន្ទីរ​​ពេទ្យ​​បង្អែក​ខេត្ត​ទៅហើយ​។

នៅ​ចំពោះ​មុខ​​សមត្ថកិច្ច ជនសង្ស័យ​បាន​​និយាយ​ថា ដំបូង ខ្លួន និងជន​រងគ្រោះ​​​មាន​ទំនាស់ពាក្យ​សម្តី​គ្នា ​​ហើយ​ក៏​មានការ​ប្រវាយ​ប្រតប់​បន្តិច​បន្តួច ​​ហើយ​មិត្ត​ភក្តិ​​​របស់ខ្លួន​​​បា​ន​ឃើញ​​ហេតុការណ៍​នោះ ក៏​រត់​មក​​ជួយ​រួច​យក​កាំបិត​​ចុងស្រួច​មក​ចាក់​ជន​រង​គ្រោះ​​តែម្តង​។

តាម​​ព័ត៌មានពី​​លោកដួង ស៊ីវុត្ថា ​​នាយការិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​បាន​ឱ្យ​ដឹង​ថា ​​យោង​លើ​ការ​ស្រាវជ្រាវ​​ជំហានដំបូង ​ជន​សង្ស័យ​​ និងជន​រងគ្រោះ មាន​ទំនាស់ពាក្យ​សម្តី​​និង​មានការ​ប្រវាយ​ប្រតប់​គ្នា​ ​បន្ទាប់​​មក​ជន​ម្នាក់​ទៀត​ជា​មិត្តភក្តិ​​ជនសង្ស័យ​បាន​មក​ជួយ​រហូត​បង្ក​របួសស្នាម​​ធ្វើ​ឱ្យ​ជន​​​រង​គ្រោះ​រង​របួស​ជា​ទម្ងន់​។​ តែ​លោក​​មិនទាន់​​សន្និដ្ឋាន​ថា ​នរណា​ជា​អ្នក​ចាក់ជន​រងគ្រោះ​នោះទេ គ្រាន់តែ​​ឃាត់ខ្លួន​ជន​​សង្ស័យ​បាន​ម្នាក់ រៀបចំ​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ​ និង​ម្នាក់ទៀត​ដែលពាក់​ព័ន្ធ​​​ក្នុងករណី​នេះ​​បាន​​រត់​គេចខ្លួន​បាត់ ហើយ​​ប៉ូលិស​កំពុង​តែ​ស្វែង​រក​ចាប់ខ្លួន ​ដើម្បី​​​​សួរ​នាំ​​​ឱ្យ​ដឹង​​​​ការពិត។​​បច្ចុប្បន្ន​​ជនសង្ស័យ​​ដែលឃាត់​ខ្លួន​​បាន​តុលាការ​​បានឃុំខ្លួន​​ជា​បណ្តោះ​អាសន្ន​​​​ និង​បន្ត​ស្រាវជ្រាវ ​​និង​វែក​មុខ​​ជន​ដៃ​ដល់​​ម្នាក់ទៀត​យក​មក​ផ្តន្ទា​ទោស​​​តាម​ច្បាប់ ៕