ទីក្រុងវ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោកបៃដិន ទើបតែឆ្លងកាត់ការវះកាត់យកកោសិកាមហារីកចេញពីស្បែករបស់គាត់។ ឥឡូវនេះ គាត់ចាប់ផ្ដើមជាសះពីមុខរបួសជាបណ្ដើរៗឡើងវិញហើយ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍អឹនប៊ីស៊ី (NBC) កាលពីយប់មិញ។ ការវះកាត់លើកនេះកើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីលោកបៃដិនបង្ហាញអាថ៌កំបាំងកាលពីខែឧសភា ឆ្នាំ២០២៥ថាគាត់កើតជំងឺមហារីកប្រូស្តាតដំណាក់កាលចុងក្រោយ។
ក្រុមការងាររបស់លោកបៃដិនទទួលស្គាល់ថានេះមហារីកជាជំងឺដ៏កាចសាហាវពិតមែនហើយ។ ក៏ប៉ុន្មានគេក៏អាចព្យាបាលជំងឺនេះប្រកបដោយប្រសិទ្ធខ្ពស់ផងដែរ។ អ្នកសារព័ត៌មានមិនទាន់អាចស្នើសុំការឆ្លើយបំភ្លឺពីអ្នកនាំពាក្យលោកបៃដិនបាននៅឡើយទេ។ កាលពីមុននេះ លោកបៃដិនធ្លាប់វះកាត់យកស្បែកចេញមួយសាហើយនៅពេលលោកឆែកសុខភាពកាលពីឆ្នាំ២០២៣។
គួរកត់សម្គាល់ថាបញ្ហាសុខភាពរបស់លោកបៃដិនទាំងសុខភាពខួរក្បាល និងសុខភាពរាងកាយរបស់គាត់គឺជាកង្វល់ដ៏ធំមួយដែលធ្វើឱ្យគេបារម្ភថាបើសិនលោកជាប់ឆ្នោតនៅអាណត្តិថ្មីមិនដឹងថាអាចដឹកនាំប្រទេសបានដែរឬទេ។ កាលពីពេលជជែកដេញដោលមតិគ្នាជាមួយលោកត្រាំមុនបោះឆ្នោត លោកបៃដិនធ្វើមិនបានល្អទាល់តែសោះ។
ដោយសារបារម្ភថាបើទុកលោកបៃដិននៅតទៅទៀត គណបក្សរបស់លោកអាចនឹងចាញ់ឆ្នោត មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រជាធិបតេយ្យក៏ស្នើសុំឱ្យលោកដកខ្លួនចេញពីការឈរឈ្មោះបោះឆ្នោតដើម្បីបើកផ្លូវឱ្យអ្នកផ្សេងចូលមកជំនួស។ ក្រោយមកលោកស្រីខាម៉ាឡា ហារីស (Kamala Harris) មានពេលប្រហែល១០០ថ្ងៃដើម្បីឃោសនាបោះឆ្នោត។
ទោះជាយ៉ាងណាក្ដី គណបក្សនេះនៅតែមិនអាចទទួលជ័យជម្នះដដែល។ បៃដិនជាបេក្ខជនប្រធានាធិបីដែលមានវ័យចំណាស់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកនៅពេលលោកជាប់ឆ្នោតកាលពីចុងឆ្នាំ២០២០នៅក្នុងជន្មាយុ៧៨ឆ្នាំ។ ប៉ុន្តែកំណត់ត្រានេះបានធ្លាក់ទៅក្នុងដៃរបស់លោកត្រាំវិញ នៅពេលត្រាំជាប់ឆ្នោតនៅក្នុងវ័យ៧៩ឆ្នាំ។ សម្រាប់លោកបៃដិនចាប់តាំងពីបញ្ចប់តំណែងប្រធានាធិបតីកាលពីដើមឆ្នាំ២០២៥ លោករក្សាភាពស្ងៀមស្ងាត់ និងមិនសូវចេញមុខចេញមាត់ប៉ុន្មានទេ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ