ក្រុងប៉ោយប៉ែត ៖ វង់ល្បែងស៊ីសងស្ទើរតែគ្រប់ប្រភេទមួយកន្លែងកំពុងដំណើរការយ៉ាងហ៊ឺហា ហើយគេឃើញក្រុមអ្នកញៀនល្បែងជាច្រើននាក់ចូលលេងយ៉ាងគគ្រឹកគគ្រេង និងបានសុខយូរអង្វែងណាស់ ចំណែកសមត្ថកិច្ចក្រុងប៉ោយប៉ែតទៀតសោតគ្មានវិធានការបង្ក្រាបឡើយ ហាក់ដូចជាត្រូវថ្នាំសណ្តំរបស់ថៅកែល្បែងទន់.ក រងាកអស់ហើយ។
វង់ល្បែងស៊ីសងបៀ អាប៉ោង ខាងលើនេះមានថៅកែ (ម្ចាស់) ឈ្មោះចែលាង ស្ថិតនៅខាងជើងផ្សារត្រី ចម្ងាយប្រមាណ១០០ម៉ែត្រ ពីក្បាលស្ពានសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឥឡូវចែលាងកំពុងអង្គុយគងអន្ទាក់ខ្លា រង់ចាំមើលអ្នកបោះមេល្បែង ប្រមូលស៊ីពីអ្នកលេងល្បែង ចែកលុយឱ្យគាត់ និងដកតុងយ៉ាងត្រជាក់រហឹម ។ តាមប្រភពពីអ្នកញៀនល្បែងបានបង្ហើបឱ្យដឹងថា ចំពោះវង់ល្បែងស៊ីសងរបស់ចែលាងនេះគឺបើកលេងជាលក្ខណៈទ្រង់ទ្រាយធំ មិនខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតនេះឡើយ ដោយមិនដឹងថា ចែលាងមេបនល្បែងម្នាក់នេះសំអាងលើអ្វីនោះទេ ទើបហ៊ានបើកលេងល្បែងស៊ីសងខុសច្បាប់ ប្រឆាំងទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ។
បនល្បែងរបស់ចែលាងនេះបានបើកលេងជាង៣ខែមកហើយ យ៉ាងរលូន ដោយមិនឃើញមានមន្ត្រីអាជ្ញាធរ សមត្ថកិច្ចណាមួយចាត់វិធានការបង្ក្រាបនោះឡើយ មិនតែប៉ុណ្ណោះ ថែមទាំងអញ្ជើញលោកអភិបាលក្រុងឡើងថ្មី អធិការប៉ូលិស មេបញ្ជាការកងរាជអាវុធហត្ថចូលលេងកម្សាន្ត ដើម្បីលំហែចិត្ត បំបាត់ទុក្ខព្រួយទៀតផង ។ ការបើកលេងល្បែងស៊ីសងពាលាអាវ៉ាសែមួយនេះ បានធ្វើឱ្យពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត មានការមិនសប្បាយចិត្តចំពោះអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចយ៉ាងខ្លាំង ដោយមិនបានចាត់វិធានការបង្ក្រាប។
អ្នកក្រុងប៉ោយប៉ែតបានរិះគន់ថា ដោយសារតែនៅក្រុងប៉ោយប៉ែតនេះសំបូរទៅដោយល្បែងស៊ីសងស្ទើរតែគ្រប់ប្រភេទ មានទាំងកន្ទុយលេខ ភ្នាល់បាល់ និងភ្នាល់តាមហាងគុយទាវផងនោះ ធ្វើឱ្យក្រុងសេដ្ឋកិច្ច និងទេសចរណ៍មួយនេះសំបូរទៅដោយបងធំ បងតូច ចោរកម្ម និងភាពអនាធិបតេយ្យផ្សេងៗជាច្រើនបង្កផលលំបាកដល់ពលរដ្ឋរស់នៅមិនមានភាពកក់ក្តៅ។ ប្រជាពលរដ្ឋបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែតក៏ដូចជាថ្នាក់ដឹកនាំខេត្តជួយចាត់វិធានការបង្ក្រាបឱ្យតឹងរ៉ឹងផង ដើម្បីឱ្យពួកគាត់រស់នៅមានភាពកក់ក្តៅ សម្រាប់ថ្ងៃអនាគត ៕
ចែករំលែកព័តមាននេះ