ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកស្ទឹង​សង្កែ​១៣.៨០​ម៉ែត្រ តែ​អាច​ហក់​ឡើង​ថែម​ទៀត ​ប្រសិនបើ​ភ្លៀង​នៅ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ

10 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ គិត​ត្រឹម​ម៉ោង​១១ ​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កញ្ញា នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង​នៅ​ទ្រឹង​ហ្នឹង​ដដែល កម្ពស់​ត្រឹម​១៣,៨០​ម៉ែត្រ ដែល​អាច​​ជា​សញ្ញា​អា​សន្ន​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ ។…

ខេត្តបាត់ដំបង ​៖ គិត​ត្រឹម​ម៉ោង​១១ ​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កញ្ញា នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង​នៅ​ទ្រឹង​ហ្នឹង​ដដែល កម្ពស់​ត្រឹម​១៣,៨០​ម៉ែត្រ ដែល​អាច​​ជា​សញ្ញា​អា​សន្ន​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ ។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​អំពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ហក់​ឡើង​នៅ​ក្នុង​ស្ទឹង​សង្កែ​នៅ​ពេល​នេះ​ ។

លោក ខៃ សុ​ដា អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ទ​ទួល​បន្ទុក​ក្ដាប់​រួម​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ដូច្នេះ​ថា​ «​ពេល​នេះ ​កម្ពស់​ទឹកស្ទឹង​សង្កែ ស្ថិត​កំរិត​១៣,៨០​ម៉ែត្រ​ ។ បើ​តាម​ការ​តាមដាន​ជាប់​ជា​ប្រចាំ​របស់​មន្ត្រី​ជំនាញ​នៅ​ពាក់កណ្ដាល​ថ្ងៃត្រង់​ថ្ងៃនេះ កំរិត​ទឹកស្ទឹង​ហាក់​នៅ​ទ្រឹង​ដដែល​ ។ ប៉ុន្តែ​វា​អាច​ស្រក​ចុះ ចាប់ពី​ពេល​រសៀល​នេះ​​ទៅ​ពីព្រោះ​កម្ពស់​ទឹក​នៅ​ទំនប់​សេក​សក​ប៉ែក​ខាងលើ ហាក់ថយ​ចុះ​ច្រើន​ដែរ​ហើយ​»​។

ប៉ុន្តែ​ជាមួយនឹង​ការ​ចាប់ផ្ដើម​ស្រក​ចុះ​សន្សឹម​ៗ​ក្នុង​ពេល​នេះ លោក​អនុប្រធាន​មន្ទីរ​ជំនាញ ក៏​បាន​ព្រមាន​ផង​ដែរ​ថា ទឹកស្ទឹង​សង្កែ​នេះ ក៏​អាច​ហក់​ឡើង​វិញទៀត​ដែរ ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ​នៃ​ក្បាល​ស្ទឹង​ ។ ជា​ពិសេស​ នៅ​តំបន់​ស្រុក​សំឡូត ដែល​ជា​ប្រភព​នៃ​ជំនន់​ទឹកភ្លៀង​ដែល​នាំ​ឲ្យ​ជន់​លិច​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ដែល​​នៅ​អម​តាម​ដងស្ទឹង​សង្កែ​ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នា​ពេល​នេះ គេ​ឃើញ​ទឹកស្ទឹង​សង្កែហាក់​មាន​សញ្ញា​ស្រកស្រុត​យឺត​បំផុត បើ​ទោះជា​ទ្វារ​ទឹក​ដ៏​សំខាន់​នៅ​ «​ទំនប់​សាលា​តា​អន​» នៃ​ស្រុក​ឯក​ភ្នំ (​ប៉ែក​ខាងក្រោម​) បាន​បើក​ទាំងអស់​ក្ដី​ ។ កំណាត់​ផ្លូវមួយ​ចំនួន​នៅ​ស្រុក​ឯក​ភ្នំ ត្រូវ​បាន​លិច​ជាអន្លើរ​ៗ សាលារៀន​មួយ​ចំនួន​ក៏​ត្រូវ​លិចលង់ រួម​ទាំង​ចម្ការ​ដំណាំ និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ ។

សមត្ថកិច្ច និង​អាជ្ញាធរ បាន​ចុះ​ត្រួត​ពិនិត្យ​ និង​តាមដាន​ជា​ប្រចាំ​អំពី​កា​រវិ​វ​ឌ្ឍ​ន៍នៃ​ជំនន់​ទឹកស្ទឹង​នេះ ដើម្បី​ត្រៀម​ជួយ​អន្តរា​គម​ន៍ជម្លៀស​​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ ដែល​ឡើង​ចុះ​មិន​ទៀងទាត់​នេះ​ ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំនន់​ទឹកស្ទឹង​សង្កែ​នេះ លោក ខៃ សុ​ដា ដែល​បាន​តាមដាន​ស្ថានភាព​ទឹកជា​ប្រចាំ​បាន​បញ្ជាក់​ថា បើ​ផ្អែក​លើ​​កម្ពស់​ទឹកស្ទឹង​ក្នុង​ពេល​នេះ វា​អាច​ចាត់ទុកជា​សញ្ញា​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ហើយ ​។ លោក​បាន​បន្ថែម​ថា ពេល​នេះ ​កម្ពស់​ទឹកស្ទឹង​ស្រក​​សន្សឹម​ៗ ហើយ​កម្ពស់​ទឹក​នៅ​ប៉ែក​ខាងលើ​នៃ​ទំនប់​សេក​សក ក៏​ថយ​ចុះ​ដែរ​ ។ ប៉ុន្តែ​បើ​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នៅ​ល្ងាច​នេះ ឬ​ថ្ងៃស្អែក​ទឹកស្ទឹង​សង្កែ​នឹង​ហក់​ឡើង​វិញ​ ។

ពីព្រោះ​បើ​តាម​មន្ត្រី​បច្ចេកទេស​បាន​តាមដាន​អាកាសធាតុ​នៅ​ល្ងាច​ថ្ងៃនេះ (០២ ០៩ ២៥) និង​ថ្ងៃស្អែក​នឹង​មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​នៅ​តំបន់​ប៉ែក​ខាងលើ ជា​ពិសេស​ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត​ ។ ដូច្នេះ​ សូម​បង​ប្អូន​​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ សូម​មេ​ត្ត​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ដោយ​យថាហេតុ ដោយសារ​គ្រោះ​ទឹកជំនន់​ដែល​ហូរហៀ​រចេញពី​ដងស្ទឹង​សង្កែ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ