ទីក្រុងបាងកក៖ ប្រទេសថៃមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ វិបត្តិនយោបាយក៏ជាប់ជំពាក់មុខដោះស្រាយមិនចេញ, បញ្ហាសេដ្ឋកិច្ច និងទេសចរណ៍ក៏ធ្លាក់ចុះ ឥឡូវនេះថែមគ្រោះធម្មជាតិកើតឡើងផ្ទួនៗទៀត។ ថ្ងៃនេះ ក្រសួងឧតុនិយមចេញសេចក្ដីប្រកាសឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ទឹកជំនន់ និងរលកសមុទ្រខ្ពស់ៗនៅតំបន់ភាគខាងត្បូង និងភាគខាងកើតរហូតដល់ថ្ងៃទី៣ ខែកញ្ញា។

ខ្យល់មូសុងវស្សាចាប់ផ្ដើមបក់ឆ្លងកាត់តំបន់ទំនាបនៃភាគខាងជើង ភាគកណ្ដាល និងភាគឦសាន។ ចំណែកជំនោរនិរតីនៅតែបក់ខ្លាំងនៅលើផ្ទៃសមុទ្រអាន់ដាម៉ាន់ (Andaman Sea) និងឈូងសមុទ្រថៃ។ គេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសថៃ។ បើនៅភាគខាងកើត និងភាគខាងត្បូងវិញ ជាពិសេស ឆ្នេរសមុទ្រខាងលិចមិនបាច់និយាយទេ ភ្លៀងធ្លាក់ខ្លាំងជាទីបំផុត។

អាជ្ញាធរបានណែនាំឱ្យប្រជាជនរស់នៅតំបន់ដូចរៀបរាប់ខាងលើ់នេះប្រុងប្រយ័ត្នឱ្យមែនទែន កុំធ្វេសប្រហែសឱ្យសោះ ព្រោះភ្លៀងធ្លាក់ខ្លាំងណាស់ ហើយអាចមានជំនន់ទឹកភ្លៀងហូរចាក់ពីតំបន់ខ្ពង់រាប និងតំបន់ភ្នំទៅតំបន់ទំនាប។ ដោយសារខ្យល់កន្ត្រាក់បក់ខ្លាំងធ្វើឱ្យរលកសមុទ្រអាន់ដាម៉ាន់អាចនឹងមានកម្ពស់ចាប់ពី២ទៅ៣ម៉ែត្រ។ បើកន្លែងណាដែលមានភ្លៀងលាយផ្គររន្ទះថែមទៀត រលកសមុទ្រអាចនឹងហក់ឡើងដល់កម្ពស់បីម៉ែត្រ។

នៅសមុទ្រអាន់ដាម៉ាន់ប៉ែកខាងក្រោម និងឈូងសមុទ្រថៃប៉ែកខាងលើ រលកសមុទ្រអាចមានកម្ពស់២ម៉ែត្រ។ បើកន្លែងណាមានភ្លៀងលាយផ្គររន្ទះ រលកសមុទ្រអាចលើសពី២ម៉ែត្រ។ នៅក្នុងស្ថានភាពនេះ កប៉ាល់ធំៗប្រហែលជាមិនសូវអីប៉ុន្មានទេ។ អាជ្ញាធរគ្រាន់តែដាស់តឿនឱ្យបើកបរដោយប្រុងប្រយ័ត្ន និងជៀសវាងទីតាំងដែលមានភ្លៀងលាយផ្គររន្ទះ។ ចំណែកទូកតូចៗគួរចូលចតនៅមាត់កំពង់រហូតដល់ថ្ងៃទី៣ ខែកញ្ញា។ ខាងលើនេះជាការដកស្រង់ប្រភពពីដឹណេសឹន (The Nation) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ