ខេត្តព្រៃវែង ៖ ខ្ទមចាំចំការមួយកន្លែង បានបាក់ចូលទៅក្នុងទន្លេបាត់ និងផ្ទះមួយខ្នងត្រូវបានបង្ខំរុះរើចេញទៅរកទីទួលសុវត្ថិភាព ដោយសារតែការបាក់ដីច្រាំងទន្លេនៅឃុំព្រែកសំបួរ ស្រុកពាមជរខេត្តព្រៃវែង។
លោក វ៉ា ធីម អភិបាលស្រុកពាមជរ បានឲ្យដឹងនៅព្រឹកថ្ងៃទី 2 កញ្ញា ថា ក្នុងអំឡុងពេលជិតមួយខែនេះទឹកទន្លេមេគង្គបានជនឡើងខ្លាំង ហើយកម្លាំងទឹកក៏ហូរខ្លាំងផងដែរ ដោយបានធ្វើឲ្យដីច្រាំងទន្លេ ប្រវែងជិតមួយគីឡូម៉ែត្រនៅឃុំព្រែកសំបួរ បានបាក់ស្រុតជាបន្តបន្ទាប់ និងបានធ្វើឲ្យផលដំណាំប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្ដោយដងទន្លេនេះ បានរងការខូចខាត ជាមួយគ្នានោះ ខ្ទមចាំចំការមួយកន្លែងបានបាក់លិចចូលទៅក្នុងទន្លេបាត់ និងផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបង្ខំរុះរើចេញទៅរកទីទួលសុវត្ថិភាព។
ពាក់ព័ន្ធការបាក់ដីច្រាំងទន្លេនេះ ពលរដ្ឋខ្លះបានសន្និដ្ឋានថា បណ្ដាលមកពីសាឡង់ធំៗជាច្រើនគ្រឿង បានបូមខ្សាច់នៅក្បែរទីតាំងនោះ ដែលជាហេតុធ្វើឲ្យមានការហូរច្រោះនិងបាក់ដីច្រាំងទន្លេបែបនេះ។
ប៉ុន្តែផ្ទុយទៅវិញលោក វ៉ា ធីម អភិបាលស្រុកពាមជរ បានអះអាងថា ការបាក់ដីច្រាំងទន្លេនេះមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនបូមខ្សាច់នោះទេ ព្រោះសាឡង់ក្រុមហ៊ុនទាំងអស់ គេបូមខ្សាច់នៅកណ្ដាលទន្លេ មិនបានបូមគៀកច្រាំងទេ ដោយលោកបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យបាក់ដីច្រាំងទន្លេនេះ គឺដោយសារតែទឹកទន្លេជន់ឡើងខ្លាំង ហើយនៅក្បែរទីតាំងនេះ មានកោះតូចមួយនៅកណ្ដាលទន្លេ ពេលទឹកហូរបុកកោះនោះ ធ្វើឲ្យទឹកច្រាលមកខាងបុកដីច្រាំង ទើបបណ្ដាលឲ្យហូរច្រោះនិងបាក់ច្រាំងបែបនេះទៅ។
ទោះជាយ៉ាងណាក៏ដោយលោកអភិបាលស្រុកបានអះអាងថា លោកតែងតែធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេនេះ ដោយហាមឃាត់មិនឲ្យសាងសង់ផ្ទះនៅជាប់ដីច្រាំងទន្លេទេ ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដោយសារការបាក់ដីច្រាំងទន្លេ ហើយពេលនេះលោកកំពុងចាត់ឱ្យមន្ត្រីភូមិឃុំ ចុះត្រួតពិនិត្យនិងស្រង់ស្ថិតិប្រជាពលរដ្ឋដែលងាយរងគ្រោះ ដើម្បីធ្វើរបាយការណ៍ជូនទៅលោកអភិបាលខេត្ត ៕




ចែករំលែកព័តមាននេះ