ទីក្រុងបាងកក៖ ឥឡូវនេះ គណបក្សនយោបាយបីនៅប្រទេសថៃក្លាយជាប៉ូលសំខាន់គឺគណបក្សប្រជាជន ភឿថៃ និងភូមិចៃថៃដែលកំពុងតែមិនទុកចិត្តគ្នាទៅវិញទៅមក។ ភឿថៃខ្លាចគណបក្សប្រជាជន និងភូមិចៃថៃរួមកម្លាំងគ្នាបង្កើតរដ្ឋាភិបាលថ្មី។ រីឯគណបក្សប្រជាជនខ្លាចភឿថៃរួមគ្នាជាមួយភូមិចៃថៃបង្កើតរដ្ឋាភិបាល និងកាន់អំណាច២ឆ្នាំទៅមុខទៀតធ្វើឱ្យរឹតតែយូរក្នុងការបោះឆ្នោតព្រោះបក្សនេះចង់រំលាយសភាឱ្យបានឆាប់ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី។
ភឿថៃប្រកាន់គោលការណ៍ថាបើខ្លួនមិនបានកាន់អំណាច ខ្លួនមិនអាចបណ្ដោយឱ្យបក្សដទៃកាន់អំណាចជាដាច់ខាត។ ឥឡូវនេះ បន្ទាប់ពីគ្មានសញ្ញាថាគណបក្សប្រជាជនគាំទ្រខ្លួននៅសភាទេ ភឿថៃលែងចង់ជ្រើសរើសនាយករដ្ឋមន្ត្រីហើយ ហើយចង់រំលាយសភាចោលដើម្បីបោះឆ្នោតជាថ្មី។ សេណារីយោនេះជាអ្វីដែលគណបក្សប្រជាជនចង់បាន។ អ្នកនាំពាក្យគណបក្សប្រជាជនបានជំរុញកាលពីម្សិលមិញឱ្យភឿថៃធ្វើបែបនេះក៏ល្អម៉្យាងដែរ។
ប្រភពខ្លះថានៅក្នុងការប្រជុំសម្ងាត់កាលពីយប់មិញ នាយករដ្ឋមន្ត្រីចាំផ្ទះ លោកភូមិថាម ចង់ស្នើសុំរំលាយសភា។ គណបក្សប្រជាជនប្រកាសហើយថាខ្លួនមិនគាំទ្រការបង្កើតរដ្ឋាភិបាលពីក្រុមក្រហម និងក្រុមខៀវចូលគ្នាដូចជំនាន់សេដ្ឋា ថាក់វិស៊ីន និងផែថងថានទេព្រោះធ្វើឱ្យខាតប្រយោជន៍ជាតិ។ ម៉្យាងទៀត គណបក្សប្រជាជននៅតែបញ្ជាក់ជំហរដដែលឡើងវិញថាខ្លួនប្រកាន់ខ្ជាប់នូវលក្ខខណ្ឌបីយ៉ាងរបស់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនហាក់ដូចជាមិនយល់ទាស់នឹងគម្រោងរំលាយសភាទេព្រោះជាអ្វីដែលខ្លួនចង់បានដែរ។ អ្នកនាំពាក្យគណបក្សនេះថ្លែងថាសិទ្ធិអំណាចក្នុងការរំលាយសភាគឺស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោកភូមិថាម។ បើលោកចង់រំលាយអាចរំលាយបាននៅក្នុងពេលនេះដោយមិនចាំបាច់គណបក្សប្រជាជនជួយគិតជំនួសទេ។
កាលពីមុននេះ ប្រធានគណបក្សភូមិចៃថៃ លោកអនុទីន ថ្លែងថាគណបក្សរបស់លោកមិនទស្សន៍ទាយទុកមុន ឬជ្រៀតជ្រែកការសម្រេចរបស់គណបក្សប្រជាជនក្នុងការបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរូបណាទេ។ ម៉្យាងទៀត បើទុកជាភឿថៃគំរាមរំលាយសភាក៏លោកមិនខ្វល់ដែរ។ សំខាន់ឱ្យតែគណបក្សប្រជាជនគាំទ្រខាងលោក។
លោកអនុទីនថ្លែងថាការរំលាយសភាអាចធ្វើទៅបានមិនទាស់ខុសអ្វីទេ។ សំខាន់ឱ្យតែស្របទៅតាមផ្លូវច្បាប់។ ប្រភពពីរដ្ឋាភិបាលចាំផ្ទះថៃបង្ហើបឱ្យដឹងថានៅពេលប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃនេះក្រោមអធិបតីភាពរបស់លោកភូមិថាម មានរបៀបវារៈមួយនិយាយអំពីថាតើនាយករដ្ឋមន្ត្រីចាំផ្ទះអាចមានសិទ្ធិរំលាយសភាដែរឬទេ។ ដូច្នេះ គេរង់ចាំមើលទាំងអស់គ្នាថាតើភឿថៃនឹងដើរទៅតាមច្រកណាទៀតនៅក្នុងនយោបាយដ៏ផុយស្រួយនេះ។ ខាងលើនេះជាការស្រង់ប្រភពពីបាងកកប៉ុស្តិ៍ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ