ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរបានគាស់បំបែកសោធ្វើសកម្មភាពវាយកម្ទេចទូរកញ្ចក់លួចយកមាសចំនួន០១តម្លឹង និងលុយមួយចំនួនថែមទាំងរើ កកាយក្នុងផ្ទះរួចរត់គេចខ្លួនបាត់ ។

ករណីក្រុមចោរគាស់ផ្ទះលួចយកមាស និងលុយរបស់ប្រជាពលរដ្ឋ ជាជនរងគ្រោះបានកើតឡើង កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ជិន ចាន់ថុល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំទ័ពមាន ដើម្បីឱ្យជួយអន្តរាគមន៍ ។

មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបន្តថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃចន្ទទី០១ ខែកញ្ញា ឆ្នាំ២០២៥ មានករណីចោរកម្មគាស់ផ្ទះ(យកមាស និងលុយ) នៅក្នុងភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ នៅចំណុចផ្ទះឈ្មោះ ជិន ចាន់ថុល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធឈ្មោះ ខឹម ខែម អាយុ៣៦ឆ្នាំ មានមុខរបរកម្មកររោងចក្រ ។

មុនពេលកើតហេតុ ម្ចាស់បានចេញទៅធ្វើការរោងចក្រដូចសព្វមួយដង តែនៅវេលាម៉ោង៦និង០០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ មានកូននៅក្នុងបន្ទុកចំនួន០២នាក់ ៖ កូនទី០១ មានឈ្មោះ ជា សុខណា ភេទស្រី អាយុ១៧ឆ្នាំ បានចេញទៅរៀនគួរនៅសាលាវិទ្យាល័យចាន់ថ្នាល់ វេលាម៉ោង៦និង៣០នាទីព្រឹក ។ ហើយកូនទី០២ មានឈ្មោះ ជា សុគន្ធ ភេទប្រុស អាយុ១៥ឆ្នាំ បានចេញទៅលេងផ្ទះជីដូន នៅក្នុងភូមិវេលាម៉ោង៧និង១០នាទីព្រឹក រហូតដល់ម៉ោង១១ព្រឹក ថ្ងៃខែដដែលទើបកូនទាំងពីរនាក់ត្រឡប់មកដល់ផ្ទះវិញ ប៉ុន្តែកូនៗមិនចាប់អារម្មណ៍ថា មានក្រុមចោរគាស់ទ្វារផ្ទះ និងគាស់ទូរកញ្ចក់យកមាស និងលុយនោះទេ ។

រហូតដល់ឪពុកម្ដាយត្រឡប់មកពីធ្វើការរោងចក្រវិញ នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ទើបសួរកូនថា យ៉ាងម៉េចបានសោខូច និងមានស្នាមបែកទូរកញ្ចក់ ទើបរករបស់របរបានឃើញថា បាត់សម្ភារៈក្នុងនោះមានដូចជា ទី១ ខ្សែកមាសចំនួន០១តម្លឹង , ទី២ លុយខ្មែរចំនួន១០ម៉ឺនរៀល និង៣.កាតគ្រីម៉ូតូចំនួន០៣សន្លឹកថែមទៀតផង ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ស្ពឺ កំពុងធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនក្រុមចោរដែលបានធ្វើសកម្មភាពគាស់ផ្ទះលួចយកមាស និងលុយរបស់ជនរងគ្រោះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ