ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​សម្រេច និង​ចុះហត្ថលេខា​លើ​អត្រាកំណែ​គ្រប់មុខ​វិជ្ជានៃ​ការ​ប្រឡងបាក់ឌុបសម័យ​ប្រឡង ​៖ ២៨ សីហា ២០២៥ នៅ​មណ្ឌល​កំណែវិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ នា​រសៀល​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ នា​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​កំណែ​បាន​អញ្ជើញ​ពិនិត្យ សម្រេច និង​ចុះហត្ថលេខា លើ​អត្រាកំណែ​គ្រប់មុខ​វិជ្ជា​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ នៅ​មណ្ឌល​កំណែវិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​។

ក្នុង​ឱកាស​នៃ​ការ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មណ្ឌល​កំណែ​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ត្រួតពិនិត្យ​លើ​អត្រាកំណែ​គ្រប់មុខ​វិជ្ជា និង​បានឃើញ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការ​រៀបចំ​វេច​ខ្ចប់​អត្រាកំណែ ដើម្បី​ដឹក​យក​ទៅ​ដាក់​នៅ​តាម​មណ្ឌល​កំណែ​តាម​មុខ​វិជ្ជា ត្រៀម​សម្រាប់​ដំណើរការ​កំណែ​នា​ថ្ងៃស្អែក ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​របស់​ប្រធាន និង​អនុប្រធាន​មណ្ឌល​កំណែ ព្រមទាំង​ការ​ឃ្លាំមើល​របស់​ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដើម្បី​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ ។

ដើម្បី​ធានា​ដំណើរការ​កំណែ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​សុក្រឹតភាព ក្រសួង​ដាក់​ចេញ​នូវ​សេចក្តីណែនាំ​បច្ចេកទេស សម្រាប់​គណៈកម្មការ​នានា​ក្នុង​ដំណើរការ​កំណែ ពិសេស​អ្នក​កែ ដោយ​ត្រូវ​គោរព​ឱ្យ​បាន​នូវ​គោលការណ៍​ដែល​បាន​កំណត់​នៅ​គ្រប់​ដំណាក់កាល​ការងារ រួម​មាន ៖
(១) ការ​កំណត់​ល្បឿន​នៃ​ការ​កែ​សន្លឹក​កិច្ចការ​បេក្ខជន
(២).​ការ​កំណត់​ចំនួន​ដុំ​កិច្ចការ​ដែល​ត្រូវ​កែ
(៣) ការ​ប្រជុំ​ណែនាំ​អំពី​អត្រាកំណែ និង​របៀប​កែ
(៤) ការ​កែ​ដោយ​អ្នក​កែ​ពីរ​នាក់ និង​ការ​ពង្រឹង​យន្តការ​ក្នុង​ការ​តាមដាន
(៥).​ការ​ពង្រឹង​យ៉ាង​ម៉ឺងម៉ាត់​ការ​អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​អ្នក​កែ ដោយ​មិន​អនុ​ញ្ញា​ឱ្យ​យក​ចូល និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​មណ្ឌល​កំណែ​ឡើយ ។

សូម​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ដំណាក់កាល​កំណែ​រយៈពេល​១​ស​ប្តា​ហ៍ គឺជា​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ។

ក្រសួង​បាន​កំណត់​យក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង តាម​មណ្ឌល​សំ​ណេ​រ​នៃ​រាជធានី ខេត្ត​ទាំង​២៥ នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ