ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ចម្លាក់​ថ្ម ​អំពាវនាវ​ឱ្យ​កូន​ខ្មែរ​រួម​គ្នា​ជួយ​ថែរក្សា​សិល្បៈដ៏​មាន​តម្លៃ​របស់​ដូនតា

8 ម៉ោង មុន

​ខេត្តសៀមរាប៖ ជាង​ចម្លាក់​ថ្មចាស់វស្សា លោក ​តឹក ទត់ បានធ្វើការអំពាវនាវ​ឱ្យ​កូន​ខ្មែរ ត្រូវ​តែ​រួម​គ្នា​ជួយ​ថែរក្សា​សិល្បៈ ​ដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរ ​ព្រម​ទាំង​ខំ​រៀន​សូត្រ​អំពី​ក្បួន​ឆ្លាក់​ថ្ម​ទាំង​នេះ ​ដើម្បី​ធ្វើ​ជា​អ្នក​បន្តវេន​ទៅ​ជំនាន់​ក្រោយ​…

​ខេត្តសៀមរាប៖ ជាង​ចម្លាក់​ថ្មចាស់វស្សា លោក ​តឹក ទត់ បានធ្វើការអំពាវនាវ​ឱ្យ​កូន​ខ្មែរ ត្រូវ​តែ​រួម​គ្នា​ជួយ​ថែរក្សា​សិល្បៈ ​ដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរ ​ព្រម​ទាំង​ខំ​រៀន​សូត្រ​អំពី​ក្បួន​ឆ្លាក់​ថ្ម​ទាំង​នេះ ​ដើម្បី​ធ្វើ​ជា​អ្នក​បន្តវេន​ទៅ​ជំនាន់​ក្រោយ​ កុំ​ឱ្យ​បាត់​បង់មរតកសិល្បៈ​ដ៏​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នេះ​​។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​កំណើត​របស់​គាត់រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។
​​
បច្ចុប្បន្ន​​គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅ​ហើយ ឱ្យ​លេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។

លោក ​តឹក ទត់ ​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​ លោក ​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ ​ដំបូង​ជាមួយក្រុមការងារនៃ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding Angkor (J​​S​A) ប្រទេសជប៉ុន ​កាល​ពី​ឆ្នាំ​១៩៩០។ ​ចាប់​តាំង​ពី​ពេល​នោះ​មក ​លោក ​បាន​ចាប់​យក​ជំនាញ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​លើ​ថ្ម​​នៅ​​តាម​ប្រាសាទ​បុរាណ ​នៅ​ត្រង់​កន្លែងណា​ដែល​បាត់ ឬមើលមិនសូវច្បាស់ គឺឆ្លាក់ឱ្យ​ឃើញចម្លាក់ឡើងវិញទៅ​តាម​ទម្រង់​ដែល​ធ្លាប់​មាន​ពី​មុន។​

លោក​ តឹក ទត់ ​បាន​រៀន​សូត្រ​​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ ​បាន​ត្រឹម​ថ្នាក់​ទី​៤​បឋម​សិក្សា​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ លោក​មាន​ស្នាដៃ​ជួស​ជុល​ប្រាសាទ​បុរាណ​ជា​ច្រើន​​ដូច​ជា បណ្ណាល័យ​នៅ​ប្រាសាទ​បាយ័ន ​បណ្ណាល័យ​របស់​ប្រាសាទ​អង្គរ​វត្ត ប្រាសាទ​នាង​១២ ប្រាសាទ​ចៅសាយ​ទេវ​តា​ ប្រាសាទ​តាព្រហ្ម ​និង​ប្រាសាទ​តុប​ជាដើម។ ស្នា​ដៃ​ចម្លាក់​លើ​ថ្មរបស់​លោក ​ក៏​បាន​បន្សល់​ទុក​​នៅ​តាម​ផ្ទាំង​ថ្ម​នៃ​ប្រាសាទ​ទាំង​នោះ​ដែរ​។ ​ចម្លាក់​លើ​ថ្មប្រាសាទ ​ដែល​ជា​ស្នាដៃ​របស់​គាត់ ​គឺ​មាន​ដូច​ជា ក្បាច់​ត្របក​ឈូក ​​ក្បាច់​ផ្កាផ្ញី ​ក្បាច់​រាហ៊ូ ​រូប​អប្សរា ​និង​រូប​សត្វ​មួយ​ចំនួន​​ទៀត​។​​

លោក ​តឹក ទត់ ​ធ្លាប់​បាន​ទទួល​ការ​បណ្តុះបណ្តាលទ្រឹស្ដី​​ផ្នែក​​​ចម្លាក់​ថ្ម​ពី​ក្រុមការងារនៃ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការអភិរក្សអង្គរ (JSA) ​ហើយ​​ទទួល​បាន​ការអនុវត្ត​ផ្ទាល់​ពី​គ្រូ​ខ្មែរ ​នៅ​តាម​ការដ្ឋាន​ជួស​ជុល​ប្រាសាទ​នានា​ជា​ច្រើន​ឆ្នាំ។

លោក ​តឹក ទត់ ​​​មាន​កូន​ទាំង​អស់​ចំនួន​៥​នាក់ ​ហើយ​ក្នុង​ចំណោម​កូន​ទាំង​៥​នាក់​នោះ ​គឺ​កូន​ប្រុស​របស់​គាត់​២​នាក់ ​មាន​និស្ស័យ​ខាង​ចម្លាក់​ដូច​រូប​គាត់​ដែរ។ ​បច្ចុប្បន្ន ថ្វី​ត្បិត​​តែ​កូន​ប្រុស​របស់​គាត់​២​នាក់ ​ដែល​ចេះ​ជំនាញ​ខាង​ឆ្លាក់​ក្បាច់ និង​រូប​នៅ​លើ​ថ្ម​ក្តី ​ក៏​ពួក​គេ​មិន​បាន​ចូល​ធ្វើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទ​ទេ ​គឺធ្វើ​ការងារ​ជា​ជាង​ចម្លាក់​ឱ្យ​ក្រុមហ៊ុន​ឯកជន។​

លោក​ តឹក ទត់ ​ដែល​មាន​អាយុ​ជិត​៦០​ឆ្នាំ​ទៅ​ហើយ ​ហាក់​ដឹង​​ថា​ វ័យ​របស់​លោក​កាន់​តែ​ចាស់​ហើយ ពេល​វេលា ​ដែល​ផ្ដល់​ឱ្យ​រូប​លោកចូល​រួម​ក្នុង​ការ​ងារ​ជួសជុល​ប្រាសាទ​បុរាណ ​នឹង​មិន​មាន​ច្រើន​​​ទៀត​ឡើយ​​។​

លោក​បាន​ផ្ដាំ​ផ្ញើ​ថា ប្រសិន​បើ​បាត់​រូប​លោកពី​លើ​ផែន​ដី​នេះ​ទៅ ​សូម​កូន​ខ្មែរ​ដែល​បាន​មក​ទស្សនា​​ប្រាសាទ​បុរាណ ​ហើយ​ឃើញ​ចម្លាក់​ដែល​បាន​ចារ​ទុក​ថ្មីៗនៅ​តាម​ប្រាសាទ​ គឺ​សូម​ឱ្យ​គ្រប់​គ្នា​រម្លឹកដល់​ឈ្មោះរបស់​លោក​ផង។ ​បន្ថែម​លើ​នេះ ​លោក​ ក៏​អំពាវនាវ​ឱ្យ​កូន​ខ្មែរ ត្រូវ​តែ​រួម​គ្នា​ជួយ​ថែរក្សា​សិល្បៈ ​ដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរ ​ព្រម​ទាំង​ខំ​រៀន​សូត្រ​អំពី​ក្បួន​ឆ្លាក់​ថ្ម​ទាំង​នេះ ​ដើម្បី​ធ្វើ​ជា​អ្នក​បន្តវេន​ទៅ​ជំនាន់​ក្រោយ​ កុំ​ឱ្យ​បាត់​បង់មរតកសិល្បៈ​ដ៏​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នេះ​​។

លោក ​ស្រី នឿង ​ភីរ៉ា ​បុគ្គលិក​បច្ចេកទេស​ខាង​ជួសជុល​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​ដែល​សហ​ការ​ជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ​Korea Heritage Agency (KHA) ទទួល​ស្គាល់​ថា ស្នាដៃ​ចម្លាក់​លើ​ថ្មរបស់​លោក ​តឹក ទត់ ​គឺ​ល្អ ​ដែល​ទទួល​បាន​ការ​កោត​សរសើ​រពី​អ្នក​ជំនាញ​អន្តរជាតិ និង​អាជ្ញាធរ​ជាតិ​អប្សរា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ