ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨​ខែ​ដើមឆ្នាំ​២០២៥ ក្រសួងបរិស្ថាន​បាន​ទប់ស្កាត់​ការ​បញ្ចេញ​ទឹក​កខ្វក់​ពី​រោងចក្រ​ជិត​១២​លាន​ម៉ែត្រគូប មិន​ឲ្យ​បំពុលបរិស្ថាន

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ទប់ស្កាត់​ការ​បញ្ចេញ​ទឹក​កខ្វក់ ពី​រោងចក្រ និង​ក្រុមហ៊ុន​នានា បាន​ចំនួន​១១,៩២៤,១៩៤ ម៉ែត្រគូប មិន​ឱ្យ​មានការ​បំពុល​ដល់​តំបន់​ទឹក​សាធារណៈ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ទប់ស្កាត់​ការ​បញ្ចេញ​ទឹក​កខ្វក់ ពី​រោងចក្រ និង​ក្រុមហ៊ុន​នានា បាន​ចំនួន​១១,៩២៤,១៩៤ ម៉ែត្រគូប មិន​ឱ្យ​មានការ​បំពុល​ដល់​តំបន់​ទឹក​សាធារណៈ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន នៅ​កម្ពុជា ចាប់ពី​ខែមករា ដល់​ដំណាច់​ខែសីហា ឆ្នាំ​២០២៥ ។

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ក្រសួងបរិស្ថាន បាន​តាមដាន ត្រួតពិនិត្យ ការ​បញ្ចេញ​សំណល់​រាវ ពី​ក្រុមហ៊ុន និង​រោងចក្រ​នានា ចូល​តំបន់​ទឹក​សាធារណៈ អនុលោម​តាម​ស្តង់ដារ មាន​ប្រមាណ ១,៩​លាន​ម៉ែត្រ​គីប ក្នុង​ខែ​។ លើស​ពី​នេះ លទ្ធផល​សម្រេច​បាន​នា​ពេល​នេះ គឺ​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ចូលរួម​សហការ​ល្អ ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងបរិស្ថាន ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ ម្ចាស់​រោងចក្រ និង​ក្រុមហ៊ុន រួម​ជាមួយ​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ ក្នុង​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​សសរ​ស្តម​ទី​១ គឺ​«​ភាព​ស្អាត​» និង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​តំបន់​ទឹក​សាធារណៈ និង​លើ​ការ​គ្រប់គ្រង​គុណភាព​ទឹក ប្រកបដោយ​ចីរភាព សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​នៅ​ក្នុង​ទឹក និង​ការពារ​សុខភាព​សាធារណៈ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​បន្ថែម​ថា ក្រសួងបរិស្ថាន បាន​និង​កំពុង​អនុវត្ត «​យុទ្ធនាការ​ផ្ទៃ​ទឹក​ស្អាត​» ដោយ​ផ្តោត​លើ​ការ​សម្អាត​ទន្លេ និង​ប្រភព​ទឹក​សាធារណៈ​ពី​សំណល់​ប្លា​ស្ទិ​ក ការ​ពង្រឹង​ការ​តាមដាន​គុណភាព​ទឹក​សាធារណៈ ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​គោលការណ៍​ណែនាំ​បច្ចេកទេស និង​ការ​បំពាក់​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​សំណល់​រាវ និង​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ​ការ​បញ្ច​ញ​សំណល់​រាវ នៅ​គ្រប់​ប្រភព​បញ្ចេញ​សំណល់​រាវ ស្រប​តាម​ច្បាប់​ជា​ធរមាន ។

ជាមួយ​គ្នា​នេះ លោក ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​បន្ថែម​ថា សម្រាប់​កិច្ចការ​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ទឹក ពី​រោងចក្រ សហគ្រាស ក្រសួង​បាន​អនុវត្ត​ច្បាប់​១០០% ដោយ​ត្រូវ​ឱ្យ​ប្រភព​បំពុល ដែល​មាន​ហានិភ័យ​ការ​បំពុល​ខ្លាំង ត្រូវ​បំពាក់ និង​ដំណើរការ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ និង​ធ្វើការ​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​តាមដាន​សំណល់​រាវ ស្រប​តាម​ច្បាប់​ជា​ធរមាន​។ គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៥ នេះ មាន​រោងចក្រ​ចំនួន​៥២ បាន​ចុះ​កិច្ចសន្យា​រួច ក្នុង​នោះ​មាន រោងចក្រ​ចំនួន​៤២ បាន​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​តាមដាន​សំណល់​រាវ​រួចរាល់ ។

សូម​បញ្ចា​ក់ថា ម្ចាស់​ទីតាំង និង​ឧស្សាហកម្ម​ទាំងអស់ ដែល​មាន​ប្រភព​សក្តានុពល​បំពុល ត្រូវ​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ការ​បញ្ចេញ​សំណល់​រាវ តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ត្រង់​មាត្រា​១៧៨ មាត្រា​២៨៧ មាត្រា​២៨៨ មាត្រា​៨២៩ ទាក់ទង​នឹង ការ​បញ្ចេញ​សំណល់ ឬ​សារធាតុបំពុល​ទៅ​ក្នុង​បរិស្ថាន មិន​ស្រប​តាម​ស្តង់ដារ​បញ្ចេញ សំណល់ ត្រង់​មាត្រា​៨៤៥ ការ​មិន​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​គ្រប់គ្រង​សំណល់​រាវ និង​ទឹក​កខ្វក់​។ លើស​ពី​នេះ ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក ការ​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​បំពុល​តំបន់​ទឹក​សារ​ធារ​ណៈ ក៏​មាន​ចែង​ក្នុង​បទដ្ឋាន​គត្តិ​យុ​ត្ត​មួយ​ចំនួន​ផ្សេង​ទៀត ដែល​បាន​ចូល​ជា​ធរមាន របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ