រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ទីតាំងស្តុកជង្គង់មាន់និងស្លាបមាន់ដែលនាំចូលពីប្រទេសថៃរបស់ក្រុមហ៊ុនអ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផតឯក ដែលគេអះអាងថាជាឃ្លាំងរបស់ចែទូច ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនិងជំនាញ ក.ប.ប បានចុះឆែកឆេរ និងត្រួតពិនិត្យ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៥នៅចំណុចផ្លូវបេតុងក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងពីលទ្ធផលនៅឡើយទេ ។
តាមព័ត៌មានឱ្យដឹងថា ជង្គង់មាន់និងស្លាបមាន់នាំចូលពីប្រទេសថៃជាច្រើនត្រូវបានសមត្ថកិច្ចរកឃើញ។ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថាជង្គង់មាន់និងស្លាបមាន់ទាំងនោះនាំចូលដោយស្របច្បាប់និងមានគុណភាពត្រឹមត្រូវឬយ៉ាងណានោះទេ។
ការចុះត្រួតពិនិត្យឃ្លាំងជង្គង់មាន់និងស្លាបមាន់ខាងលើត្រូវបានគេដឹងថាបន្ទាប់ពីមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមពីការនាំចូលជង្គង់មាន់និងស្លាបមាន់ពីប្រទេសថៃ ។ ដែលគេសង្ស័យថាជង្គង់មាន់និងស្លាបមាន់ទាំងនោះពុំមានគុណភាព ដែលនាំមកចែកចាយនៅទីផ្សារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ ម្យ៉ាងទៀតការនាំចូលជង្គង់មាន់នេះ ជាកាគាំទ្រផលិតផលថៃ ខណៈពេលដែលថៃកំពុងតែឈ្លានពានមកលើប្រទេសកម្ពុជា ។
លទ្ធផលនៃការបង្ក្រាបយ៉ាងណានោះ នឹងមានចេញផ្សាយបន្តនៅលើកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ