រាជធានីភ្នំពេញ៖ បុគ្គលមួយរូបដែលតាំងខ្លួនជា ព្រះពោធិសត្វ ព្រះបាទធម្មិករាជា ទទួលបានអប់រំណែនាំពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីបញ្ឈប់សកម្មភាពប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាដែលជាសានារបស់រដ្ឋ។
យោងតាមការចុះផ្សាយរបស់ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី០៤ ខែតុលានេះ បានឱ្យដឹងថា កាលពីម្សិលមិញ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ដឹកនាំក្រុមការងារចុះអប់រំណែនាំចំពោះ លោក ច័ន្ទ យីពុន ដែលតាំងខ្លួនជា ព្រះពោធិសត្វ ព្រះបាទធម្មិករាជា ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកន្លងមកបានបង្ហោះរូបថត និងវីដេអូសកម្មភាពលើបណ្ដាញសង្គម ដើម្បីកៀរគរប្រជាពលរដ្ឋឲ្យមកទទួលការបំបួសនិងសមាទាននិច្ចសីល (សីល៥)ពីខ្លួន តាំងរូបថតអង្គុយលើផ្កាឈូកមានឆព្វណ្ណរង្សី រៀបចំអាសនៈព្រះពុទ្ធរូបក្នុងផ្ទះខុសពីគោលការណ៍ពុទ្ធសាសនា ធ្វើឱ្យសង្គមមានការងឿងឆ្ងល់ និងប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាដែលជាសានារបស់រដ្ឋ។
បន្ទាប់ពីក្រុមការងារបានធ្វើការអប់រំណែនាំ លោក ច័ន្ទ យីពុន បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព លុបរាល់រូបថត វីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមនានាចេញទាំងចាស់ទាំងថ្មី និងរុះរើអាសនៈព្រះពុទ្ធរូប រូបថត និងបដាតាំងនៅក្នុងផ្ទះដែលមិនប្រក្រតីចេញទាំងអស់៕


ចែករំលែកព័តមាននេះ