ខេត្តព្រៃវែង : យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង គិតត្រឹមថ្ងៃទី 4 តុលា ឆ្នាំ២០២៥នេះ ទឹកជំនន់បានជនលិចខេត្តព្រៃវែងចំនួន 6ស្រុក ស្មើនឹង 32 ឃុំ ដោយធ្វើឲ្យប្រជាពលរដ្ឋចំនួន 1596 គ្រួសារ និង ដីស្រែចំនួន 1,124 ហិចតា បានរងផលប៉ះពាល់ ជាមួយគ្នានោះ ផ្លូវថ្នល់និងផ្លូវលំរាប់សិបគីឡូក៏បានរងការខូចខាតផងដែរ។
របាយការណ៍នេះបានឱ្យដឹងទៀតថា ស្រុកទាំង 6 ដែលរងការជន់លិចដោយទឹកជំនន់ គឺស្រុកកំចាយមារ ពាមជរ ពាមរក៍ ស៊ីធរកណ្ដាល ពោធិ៍រៀង និងស្រុកកំពង់ត្របែក ក្នុងនោះប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន 613 ខ្នងផ្ទះ ខូចខាតស្រូវប្រជាពលរដ្ឋចំនួន 411 ហិចតា ដំណាំរួមផ្សំខូចខាត 44 ហិចតា ប៉ះពាល់សាលារៀនចំនួន 2សាលា ប៉ះពាល់ផ្លូវកៅស៊ូចំនួន 6,900 ម៉ែត្រ និងផ្លូវលំចំនួន 82704 ម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះនៅមិនទាន់មានអ្នករងគ្រោះឬស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះនៅឡើយទេ ដោយឡែក អាជ្ញាធរឃុំស្រុកខេត្តទាំងអស់ កំពុងតែចុះតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីងាយស្រួលចាត់វិធានការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ក្នុងករណីមានប្រជាពលរដ្ឋជួបគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តព្រៃវែង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសកូនចៅតូចៗ ដាច់ខាតកុំឲ្យចុះលេងទឹកផ្តេសផ្ដាស ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ ហើយសូមរក្សាអនាម័យក្នុងការរស់នៅឲ្យបានល្អ ដោយត្រូវអនុវត្តតាមវិធានការ 3 គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ៕






ចែករំលែកព័តមាននេះ