ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមនាថ្ងៃទី២កញ្ញាបានប្រារព្ធធ្វើ ថ្ងៃបុណ្យឯករាជ្យជាតិពីអាណាព្យាបាលបារាំងគម្រប់៨០ឆ្នាំដ៏មហោឡារិកបំផុត ជាមួយក្បួនព្យុហយាត្រា យោធាដ៏ធំបំផុតពុំធ្លាប់មានក្នុងប្រវតិ្តសាស្ត្ររបស់ខ្លួន។

ព្យុហយាត្រានោះចូលរួមដោយទាហាននិងសីុវិលប្រមាណជា៤០.០០០នាក់ ចាប់ដំណើរការក្រោយព្រឹកព្រលឹមបន្តិច អមដោយកងរថក្រោះវាយលុក ដ្រូន ប្រព័ន្ធរ៉ាដា មីសីុលនិងបណ្ដាកាំភ្លើងធំជាមួយការហោះឆ្វែលពីលើ របស់កងឧទ្ធម្ភាគចក្រនិងកងយន្តហោះ។ គឺអគ្គលេខាបក្សកុំមុយនីស្តវៀតណាមលោកតូឡឹម ជាមនុស្សខ្លាំងជាងគេបំផុតរបស់ប្រទេស ជាអ្នកប្រកាសចាប់ផ្ដើមក្បួនព្យុហយាត្រានោះ នៅមុខមនុស្សច្រើនរយពាន់នាក់ ដែលមួយចំនួនដេកចាំតាំងពីយប់មកម៉េះ្ល ដើម្បីបានកន្លែងទស្សនាច្បាស់។
មេដឹកនាំវៀតណាមថ្លែងថា ប្រជាជាតិយើងបានឆ្លងកាត់ការលំបាកនិងការប្រឈមរាប់មិនអស់។ ប្រទេសយើងបានឆ្លងរួចផុតពីអាណានិគម មកជាប្រជាជាតិឯករាជ្យនិងឯកភាពមួយដែលបន្តឈានទៅមុខឆ្ពោះទៅរកទំនើបកម្ម។
ព្យុហយាត្រាលើកនេះពិតជាមានទំហំធំជាងព្យុហយាត្រា អបអរខួបគម្រប់៥០ឆ្នាំនៃការដួលរលំនៃរបបក្រុងព្រៃនគរ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី៣០មេសាកន្លងទៅនេះកំណត់ពីការបង្រួបបង្រួមប្រទេសទៅទៀត។ ថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ នៅទីលានបាឌីញក្រុងហាណូយ មេដឹកនាំបដិវត្តន៍វៀតណាមលោកហូជីមិញបាន ប្រកាសពីបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ពេលមហាអំណាចអាណានិគមបារាំងចុះខ្សោយ និងការដកកងទ័ពកាន់កាប់ជប៉ុនចេញ៕
ចែករំលែកព័តមាននេះ