រាជធានីភ្នំពេញ ៖ សម្រាប់ជម្លោះព្រំដែនកម្ពុជាជាមួយថៃ ប្រធានាធិបតីឡាវបានជំរុញឱ្យភាគីទាំងពីរ(កម្ពុជា-ថៃ)រក្សានូវភាពអត់ធ្មត់ខ្ពស់ និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ហើយការទប់ស្កាត់មិនឱ្យមានជម្លោះរវាងប្រទេសទាំងពីរ។

ការជំរុញរបស់ឯកឧត្តមThongloun Sisoulithប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងជំនួបពិភាក្សាទ្វេរភាគី ជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាប្រទេសចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថា នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងយូរអង្វែង។
ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ជាថ្មី ចំពោះការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី និងជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងថាមពល ជាដើម។
សម្តេចធិបតីបានជម្រាបជូន ឯកឧត្តមប្រធានាធិបតីពីបច្ចុប្បន្នភាពនៃស្ថានភាពជម្លោះព្រំដែន និងការអនុវត្ត បទឈប់បាញ់រវាងកម្ពុជានិងថៃផងដែរ។
ឯកឧត្តមប្រធានាធិបតី បានជំរុញឱ្យភាគីទាំងពីររក្សានូវភាពអត់ធ្មត់ខ្ពស់ និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ហើយការទប់ស្កាត់មិនឱ្យមានជម្លោះរវាងប្រទេសទាំងពីរ គឺជាការសំខាន់បំផុត ក្នុងការជំរុញឱ្យភាគីទាំងពីរដោះស្រាយទំនាស់ព្រំដែនដោយសន្តិវិធី៕
ចែករំលែកព័តមាននេះ