ប្រទេសឥណ្ឌូណេស៊ី ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១កញ្ញា បានធ្វើបាតុកម្មក្នុងទីក្រុងជាច្រើនរបស់ឥណ្ឌូណេស៊ី ហើយកងទ័ពត្រូវបានដាក់ពង្រាយនៅរដ្ឋធានីហ្សាការតា ក្រោយពីផ្ទុះ
ចលាចលហិង្សាបណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់រួចហើយ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នាថ្ងៃទី១កញ្ញានោះដែរអាជ្ញាធរឥណ្ឌូណេស៊ី បានពង្រឹងវិធានការសន្តិសុខ ទប់ទល់បាតុកម្មហិង្សាថ្មីៗនៅតាមកន្លែងជាច្រើនរបស់ប្រទេស ។

បាតុករប្រមាណជា៥០០នាក់បានប្រមូលផ្ដុំគ្នានាដើមរសៀលនៅមុខសភាជាតិក្រុងហ្សាការតា ក្រោមការតាមឃ្លាំមើលរបស់កងយោធានិងប៉ូលិសមុនពេលបំបែកជួរនាវេលាល្ងាច ដោយគ្មានការប៉ះទង្គិចគ្នា។ មុននេះបន្តិចប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រាបូវ៉ូស៊ូប៊ីយ៉ាន់តូបានព្រមានថា បាតុកម្មត្រូវតែបញ្ចប់មុនពេលថ្ងៃលិច។ នៅក្រុងហ្គោរ៉ុនតាឡូលើកោះសេឡែប ការប៉ះទង្គិចគ្នាកើតមានរវាងពួកបាតុករនិងប៉ូលិស ដែលបាញ់ឧស្ន័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក។
នៅក្រុងបានឌុងកោះជ្វា ពួកបាតុករបានគប់ដបសាំងដុតនិងផាវទៅលើអគារក្រុមប្រឹក្សាខេត្ត។ នៅក្រុងប៉ាឡែមបង់កោះស៊ូម៉ាត្រា មានបាតុកម្មប្រមូលផ្ដុំមនុស្សដល់ច្រើនពាន់នាក់។ បាតុករច្រើនរយនាក់ទៀតប្រមូលផ្ដុំគ្នា នៅចាម៉ាហ្ស៊ីនលើកោះប័រនេអូនិងនៅក្រុងយ៉ូសយ៉ាការតាភាគកណ្ដាលប្រទេស។ ពួកបាតុករបានលើកឡើងថាទិសដៅរបស់យើង ចង់មានការកែទម្រង់សភា។ យើងសង្ឃឹមថាបណ្ដាសមាជិកសភានឹងចេញមកជួបយើង។
បាតុកម្មកើតមានតាំងពីថ្ងៃទី២៥សីហា មកដើម្បីតវ៉ាប្រឆាំងនឹងការផ្ដល់ប្រាក់ថ្លែផ្ទះរបស់សមាជិកសភាម្នាក់ៗខ្ពស់ហួសប្រមាណ ដល់ទៅ១០ដងលើសប្រាក់បៀវត្សអតបរមា របស់បុគ្គលិកក្នុងរដ្ឋធានី។ ការតវ៉ាក៏សំដៅផងដែរបរិហារការលំបាកនានាខាងសេដ្ឋកិច្ច តាមពិតទៅចាប់ផ្ដើមពីការដុតកំហឹងប្រឆាំងប៉ូលិស ក្រោយការស្លាប់កាលពីថ្ងៃទី២៨សីហា របស់អ្នករត់ម៉ូតូឌុបម្នាក់ ដោយសាររថយន្តប៉ូលិសបុកនៅក្រុងហ្សាការតា ។
ការតវ៉ានាពេលនេះជាការតវ៉ាដ៏ធំនិងពោរពេញដោយហិង្សាចាប់តាំងពីការឡើងកាន់អំណាចរបស់ប្រធានាធិបតីលោកប្រាបូវ៉ូស៊ូប៊ីយ៉ានតូ ពីខែតុលាកន្លងទៅនេះមក។ កាលពីថ្ងៃទី៣១សីហា ប្រធានាធិបតីរូបនោះបានថ្លែងសុន្ទរកថាមួយ ក្នុងវិមានប្រធានាធិបតី ដោយប្រកាសពីការលុបចោលការផ្ដល់ខ្ពស់ពេកប្រាក់លំនៅឋានរបស់បណ្ដាសមាជិកសភា ៕
ចែករំលែកព័តមាននេះ