ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជា​ជន​មិន​គាំ​ទ្រ​ភឿថៃ ឬ​ភូមិ​ចៃ​ថៃ​ទេ​ព្រោះ​មិន​ទុក​ចិត្ត​ទាំង​២

8 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ គណ​បក្ស​ប្រជា​ជន​មិន​ទាន់​សម្រេច​គ្នា​ជា​សហ​មតិ​ ឬកុង​សង់​ស៊ីស (consensus) នៅ​ឡើយ​ទេ​​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ជន​គណ​បក្ស​ភឿថៃ ឬ​ភូមិ​ចៃ​ថៃ​នៅ​សភា​​ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​៣២​របស់​ថៃ​។ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន លោក​ផា​រិត ​ថ្លែង​ថា​គណ​បក្ស​របស់​លោក​បាន​ពិនិត្យ​មើល​លក្ខ​ខណ្ឌ​ដែល​ស្នើ​ឡើង​ដោយ​គណ​បក្ស​ទាំង​២​។ មតិ​ផ្ទៃ​ក្នុង​មិន​ទាន់​ឯក​ភាព​គ្នា​ក៏​ពិត​មែន​…

ទី​ក្រុង​បាងកក​៖ គណ​បក្ស​ប្រជា​ជន​មិន​ទាន់​សម្រេច​គ្នា​ជា​សហ​មតិ​ ឬកុង​សង់​ស៊ីស (consensus) នៅ​ឡើយ​ទេ​​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ជន​គណ​បក្ស​ភឿថៃ ឬ​ភូមិ​ចៃ​ថៃ​នៅ​សភា​​ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​៣២​របស់​ថៃ​។ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន លោក​ផា​រិត ​ថ្លែង​ថា​គណ​បក្ស​របស់​លោក​បាន​ពិនិត្យ​មើល​លក្ខ​ខណ្ឌ​ដែល​ស្នើ​ឡើង​ដោយ​គណ​បក្ស​ទាំង​២​។

មតិ​ផ្ទៃ​ក្នុង​មិន​ទាន់​ឯក​ភាព​គ្នា​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​បើ​សិន​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ លោក​ភូមិ​ថាម​ វិឆា​យ៉ា​ឆៃ​ សម្រេច​ចិត្ត​រំលាយ​សភា​ មាន​ន័យ​ថា​ទង្វើ​នេះ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​គណ​បក្ស​ប្រជា​ជន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​គណ​បក្ស​ភឿថៃ​គំរាម​កាល​ពី​ម្សិល​មិញ​ថា​បើ​គណ​បក្ស​ប្រជា​ជន​មិនព្រម​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ជន​របស់​ខ្លួន​ទេ​ ខ្លួន​នឹង​រំលាយ​សភា​ចោល​ឱ្យ​អស់​អំណាច និង​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​គ្នា​ជា​លក្ខណៈ​បាយ​មួយ​​ឆ្នាំង​បើ​មិន​បាន​បរិ​ភោគ​ទេ​ ខ្លួន​ឯង​ជាន់​កម្ទេច​ចោល​។​

លោក​ផារិត​ថ្លែង​បន្ត​ទៀត​ថា​បើ​មិន​រំលាយ​សភា​ទេ ហើយ​ប្រើ​វិធីបោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​វិញ​ គណ​បក្ស​ប្រជា​ជន​សម្លឹង​ឃើញ​កង្វល់​២​ធំ​ៗ​។ ​គណ​បក្ស​ប្រជាជន​​ខ្លាច​តែ​​​ភឿថៃ និង​​ភូមិ​ចៃ​ថៃ​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ដឹក​នាំ​ប្រទេស​រហូត​ដល់​ចប់​អាណត្តិ​ គិត​ទៅ​ចូល​២​ឆ្នាំ​ទៀត​ឯណោះ​។ ដូច្នេះ ផែន​ការ​របស់​គណ​បក្ស​ប្រជា​ជន​ដែល​ចង់​ឃើញ​សភា​រលាយ​ឆាប់​ៗ​ដើម្បី​បោះ​ឆ្នោត​ឡើង​វិញ​បែរ​ជា​អសារ​ឥត​ការ​ជា​មិន​ខាន​។

ចំណុច​មួយ​ទៀត​ដែល​គណ​បក្ស​ប្រជា​ជន​ព្រួយ​បារម្ភ​នោះ​គឺ​ខ្លាច​តែ​ប្រទេស​ថៃ​លេង​ផ្លូវ​កាត់​ តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​​មិន​តាម​គន្លង​ប្រជា​ធិប​តេយ្យ​។ បញ្ហា​កង្វល់​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គណ​បក្ស​ប្រ​ជា​ជន​មិន​អាច​នៅ​ស្ងៀម​បាន​​ឡើយ​​ ហើយ​ត្រូវ​តែ​បើក​ផ្លូវ​ឱ្យ​គណបក្ស​ដែល​កំពុង​ប្រជែង​គ្នា​ទាំង​២​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ដោយ​ឯក​រាជ្យ​ពី​គ្នា​។ លោក​ថាណា​ថន (Thanathorn) ដែល​គេ​ចាត់​ទុកថា​​ជា​អ្នក​កាច់​ចង្កូត​ពី​ក្រោយ​ខ្នង​គណបក្ស​ប្រជា​ជន​ថ្លែង​ថា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​តែ​ជា​បុគ្គល​ដែល​ផ្ដល់​ទំនុក​ចិត្ត​សម្រាប់​ប្រជា​ជន​​​។ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​​​ថ្លែង​ថានៅ​ក្នុង​ចំណោម​ភឿថៃ និង​ភូមិ​ចៃ​ថៃ​គ្មាន​គណ​បក្ស​ណា​មួយ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ទេ។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​បាង​កក​ប៉ុស្តិ៍, ខាវ​សត់ (Khaosd) និង​ប្រភព​ដទៃ​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ