រាជធានីភ្នំពេញ ៖ បុរសជាអ្នកភូមិម្នាក់ ខណៈកំពុងសម្រាកចុចទូរសព្ទលេង នៅក្នុងផ្ទះ នាវេលាយប់ជ្រៅទៅហើយ ក៏បានឮសម្លេងទារកយំយ៉ាងន្ថាន់នៅក្រៅផ្ទះ ពេលនោះគាត់ក៏បានចេញពីក្នុងផ្ទះ ទៅរកមើលទាំងការងឿងឆ្ងល់ក្នុងចិត្ត ក៏ស្រាប់តែឃើញទារកម្នាក់ ត្រូវជនមិនស្គាល់មុខ យកទៅទុកចោលក្បែររានព្រះភូមនៅមុខផ្ទះរបស់គាត់។ ពេលនោះគាត់ក៏បានស្រែកប្រាប់ដល់អ្នកជិតខាង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ បន្ទាប់មក ដោយខ្លាចស្រមោចរោមខាំអ្នកភូមិ ក៏លើកទារកដាក់លើតុ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍ដង្កោ ឲ្យចុះទៅនាំយកទារកនោះទៅប្រគល់ជូនរដ្ឋបាលសង្កាត់ដង្កោថែទាំបណ្ដោះអាសន្ន ។
ហេតុការណ៍ខាងលើនោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុខមុខផ្ទះមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង កែងផ្លូវលេខ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបាននិយាយថា ទារកម្នាក់នោះ អាចទើបកើតមកបានរយៈពេលប្រមាណ៤ទៅ៥ថ្ងៃប៉ុណ្ណោះ ហើយមានសុខភាពមាំមួនល្អណាស់ រូបរាងកាយគ្រប់លក្ខណៈគួរឲ្យស្រលាញ់ ប៉ុន្តែពុំដឹងថា តើឪពុកម្ដាយរូបណាទេ ដែលបង្កើតកូនហើយដាច់ចិត្តយកកូនទៅចោលបែបនេះទេ។ ពួកគាត់មានការសង្ស័យង្ស័យថា ទី១៖ កូនកើតមកឪពុកម្ដាយគ្មានលទ្ធភាពចិញ្ចឹម ទី២៖ អាចឪពុកម្ដាយស្រលាញ់គ្នាដោយលួចលាក់ខុសគន្លងប្រពៃណី រហូតជ្រុលខ្លួនមានកូន។ ប៉ុន្តែត្រូវខាងប្រុសដោះដៃចោលធ្វើឲ្យខាងស្រីពិបាកប្រឈមមុខជាមួយក្រុមគ្រួសារ ហើយខ្លាចខ្មាសគេផង និងគ្មានលទ្ធភាពចិញ្ចឹមផងនោះ ក៏យកកូនទុកចោលបែបនេះតែម្ដងទៅ ។
បើតាមបុរសម្នាក់ បាននិយាយថា នៅវេលាម៉ោង៩និង៣០នាទីយប់ យប់ថ្ងៃកើតហេតុនោះ គាត់បានចូលសម្រាកនៅក្នុងផ្ទះហើយមុនពេលចូលទៅសម្រាកមិនទាន់ឃើញទារកខាងលើនោះនៅមុខផ្ទះគាត់នៅឡើយទេ។ លុះកន្លះម៉ោងក្រោយមក គឺនៅវេលាម៉ោង១០យប់ថ្ងៃដដែល ខណៈពេលគាត់កំពុងដេកចុចទូរសព្ទលេងនៅក្នុងផ្ទះ បានឮសម្លេងទារកយំយ៉ាងរន្លាន់នៅខាងក្រៅផ្ទះ ពេលនោះដោយមានការងឿងឆ្ងល់ គាត់ក៏បានចេញទៅរកមើល ។
បុរសខាងលើបាននិយាយបន្ថែមទៀតថា ខណៈចេញដល់មុខផ្ទះ ក៏ស្រាប់តែប្រទះឃើញទារកម្នាក់នេះ រុំខ្លួនដោយក្រណាត់ កំពុងដេកយំស្ថិតនៅក្បែររានព្រះភូមមុខផ្ទះ របស់គាត់គួរឲ្យអាសូរ ហើយក៏មានថង់យួរមួយដាក់កំប៉ុងម្សៅទឹកដោះ និងខោទឹកនោមនៅជាមួយផងដែរ។ ពេលឃើញបែបនេះ គាត់ក៏ស្រែកប្រាប់ក្រុមគ្រួសារ និងអ្នកជិតខាងឲ្យទៅជួយមើល បង្កការភ្ញាក់ផ្អើលទាំងយប់ ហើយអ្នកជិតខាងក៏បសនទៅចោមរោមមើល និងលើកទារកដាក់លើតុ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍ដង្កោ ឲ្យចុះទៅនាំយកទៅប្រគល់ជូនរដ្ឋបាលសង្កាត់ទាំងយប់ ។
លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់ថា ក្រោយពេលទទួលទារកខាងលើពីប្រជាពលរដ្ឋ លោកស្រី បានចេញថវិការជួលប្រជាពលរដ្ឋឲ្យមើលថែ១យប់ លុះព្រឹកឡើងថ្ងៃទី១ ខែកញ្ញា ទើបក្រុមការងាររដ្ឋបាលសង្កាត់ថែទាំបន្ត ហើយក៏មានប្រជាពលរដ្ឋ៥នាក់ ហើយបាននាំគ្នាទៅសុំយកទារកនេះទៅចិញ្ចឹម ធ្វើជាកូនជាចៅរបស់ខ្លួន ។ ប៉ុន្តែក្នុងនាមរដ្ឋបាលសង្កាត់ទាំងមូល លោកស្រីមិនហ៊ានសម្រេចថា ឲ្យទៅនរណាម្នាក់នោះទេ គឺរង់ចាំការពិភាក្សាជាមួយមន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ ព្រមទាំងលោកស្រី គឹម ញ៉ឹប អភិបាលខណ្ឌដង្កោ ជាមុនសិន ។
លោកស្រីចៅសង្កាត់ បានបញ្ជាក់ប្រាប់បន្តទៀតថា មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ និងចុះទៅកាន់សាលាសង្កាត់ដង្កោ នៅវេលាម៉ោង២រសៀលថ្ងៃទី១ ខែកញ្ញានេះ ។ ប៉ុន្តែមិនទាន់ដឹងថា តើត្រូវសម្រេចយកទារកនេះទៅថែទាំនៅមន្ទីរ ឬក៏ប្រគល់ឲ្យទៅប្រជាពលរដ្ឋណាម្នាក់យកទៅចិញ្ចឹមនៅឡើយទេ ដោយឡែកទារកនេះ ច្រមុះស្រួចស្អាត កាយសម្បទាររឹងមាំគួររឲ្យស្រលាញ់ណាស់ ហើយមិនទាន់ជ្រុះផ្ចិតនៅឡើយ ដែលតាមការសន្និដ្ឋានទើបកើតបាន៤ទៅ៥ថ្ងៃប៉ុណ្ណោះ ។
ចៅសង្កាត់រូបនោះ បានសម្ដែងអារម្មណ៍សោកស្ដាយ ចំពោះស្ត្រីខ្មែរយើងមួយចំនួនតូចដែលមិនមានចិត្តស្រលាញ់កូនដោយបេះដូងបរិសុទ្ធ ទោះបីក្រឬមានក៏គួរតែចិញ្ចឹមកូនដោយផ្ទាល់ដៃមិនគួរដាច់ចិត្តយកកូនទុកចោលបែបនេះទេ ។ លោកស្រីក៏បានផ្ដាំថា ក្រោយៗបើបានបង្កើតកូនមកហើយគួរកុំយកកូនបោះចោលអ៊ីចឹង ព្រោះគួរឲ្យអាសូរណាស់ គ្មានម៉ែគ្មានឪ ហើយឲ្យអាជ្ញាធរស្វះស្វែងរកអ្នកមកជួយមើល បែបនេះ ដូច្នេះគួរតែកុំឲ្យមានបែបនេះទៀតអី ៕






ចែករំលែកព័តមាននេះ