ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ UNកំពុងតាមដានចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ និងស្នើឲ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមយន្តការដែលមានស្រាប់

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​(UN) បាន​បញ្ជាក់​ថា កំពុង​តាមដាន​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង​បាន​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​តាម​យន្តការ ដែល​មាន​ស្រាប់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​(UN) បាន​បញ្ជាក់​ថា កំពុង​តាមដាន​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង​បាន​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​តាម​យន្តការ ដែល​មាន​ស្រាប់ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ សម្តេច​បាន​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ចិន ។

ក្នុង​ជំនួប​ឯកឧត្តម​អគ្គលេខាធិការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​ពិភពលោក​ក្នុង​កិច្ចការ​ជា​ច្រើន ។

ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ ឯកឧត្តម​អគ្គលេខាធិការ​បាន​បញ្ជាក់​ថា ឯកឧត្តម​ផ្ទាល់ បាន និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ករណី​នេះ ។ ឯកឧត្តម​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​បទ​ឈប់​បាញ់​រវាង​កងទ័ព​កម្ពុជា និង​ថៃ និង​បន្ត​ជំរុញ​អោយ​ស្ថាន​ការ​អាច​វិល​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម​អគ្គលេខាធិការ បាន​ទទួលយក​សំណើ ក្នុង​ការ​ជំរុញ​អោយ​ភាគី​ទាំង​ពីរ​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច ជា​ពិសេស​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ ។

ជាង​នេះ​អគ្គ​លេខា​UN​បាន​ស្នើ​សូម​ឲ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី តាម​រយៈ​ការ​ប្រើប្រាស់​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់ (​គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ JBC) ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ថៃ​ដែល​មាន​ជា​ធរមាន សន្ធិសញ្ញា​ពាក់ព័ន្ធ និង​ច្បាប់​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ