រាជធានីភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ សូមឱ្យក្រុមប្រឹក្សាសង្កាត់ទាំង១០៥ ប្តេជ្ញាប្រកបដោយឆន្ទៈ និងស្មារតីខ្ពស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងដ៏អង់អាចនៃយើង ការពារខឿនអធិបតេយ្យ បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែន និងធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះក្រុមជនអគតិក្រៅច្បាប់មួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្ត បំផ្លាញមាតុភូមិរបស់យើង ខណៈសត្រូវសៀម បាននិងកំពុងឈ្លានពានយ៉ាងគឃ្លីន មកលើដែនអធិបតេយ្យភាពកម្ពុជា ។
ការស្នើសុំបែបនេះរបស់លោក កើត ឆែ អភិបាលរងបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ខណៈលោកអញ្ជើញជាអធិបតីតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ ទាំង១០៥ នៃរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ» ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ន ដែលអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសត្រូវសៀមឈ្លានពានយ៉ាងគឃ្លីន លោកសូមឱ្យទាំងអស់គ្នា ត្រូវប្តេជ្ញាប្រកបដោយឆន្ទៈ និងស្មារតីខ្ពស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងដ៏អង់អាចនៃយើង ការពារខឿនអធិបតេយ្យ បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែន តាមរយៈវប្បធម៌ នៃសាមគ្គីភាព និងការចែករំលែក «សមរភូមិក្រោយ ជួយសមរភូមិមុខ» និង «សមរភូមិមុខការពារ សមរភូមិ ក្រោយអភិវឌ្ឍ»។ ជាពិសេស យើងត្រូវថ្កោលទោសដល់ក្រុមជនអគតិក្រៅច្បាប់ មួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញមាតុភូមិរបស់យើង និងសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់ ឱ្យបានតឹងរ៉ឹងបំផុតលើក្រុមទាំងនោះ ។
ពាក់ព័ន្ធនិងវគ្គបណ្តុះបណ្តាលនេះ លោក កើត ឆែ បានមានប្រសាសន៍ថា ការបើកវត្តបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសង្កាត់ រាជាធានីភ្នំពេញនេះ មានគោលបំណងពង្រឹងនិងលើកកម្ពស់ ការអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសង្កាត់ឱ្យ មានប្រសិទ្ធភាពស្របតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិបទដ្ឋានជាធរមាន ។
លោក កើត ឆែ បានបញ្ជាក់ថា ចំណេះដឹងពិតជាមានសារៈសំខាន់ ដូចពាក្យស្លោកពោលថា «រៀនហើយ រៀនទៀត រៀនពេញមួយជីវិត» ព្រោះថា សង្គមជាតិមានការវិវត្តន៍ តួយ៉ាងបច្ចេកវិទ្យា ដូច្នេះប្រសិនបើយើងមិនខិតខំរៀនសូត្រ ឬស្វែងយល់ទេនោះ គឺពិតជាប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ជាក់ជាមិនខាន។ ការបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមឱ្យបំពេញ ការងារបានល្អប្រសើរ ជៀសវាងការប្រព្រឹត្តខុសច្បាប់ ។
លោកបន្តថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយទស្សនវិស័យទំនើបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
តែងបានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអភិវឌ្ឍសមត្ថភាព ក្រុមប្រឹក្សានៅថ្នាក់មូលដ្ឋាន, ការបន្តវិភាជន៍ថវិកាជាគុណប្រយោជន៍ដល់មូលនិធិសង្កាត់ សម្រាប់អភិវឌ្ឍ មូលដ្ឋាន ព្រមទាំងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ និងរៀបចំឱ្យមានជំនួយការហិរញ្ញវត្ថុសង្កាត់ផងដែរ ៕



ចែករំលែកព័តមាននេះ