ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ ណែនាំ​៥​ចំណុច ដើម្បី​ឱ្យ​តំបន់​មណ្ឌល​ប្រឡង​បាក់​ឌុ​ប ​ដំណើរការ​ដោយ​រលូន ធានា​រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​តម្លាភាព

57 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ សម័យ​ប្រឡង​ ៖ ២៨ សីហា ២០២៥ រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨-២៩ ខែសីហា ឆ្នាំ​២០២៥​។ ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ចំណែក​ឱ្យ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ ជា​ពិសេស ​ធានា​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយ​សាធារណៈ​ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​ទាំង ៣៥​មណ្ឌល ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ ​ដែល​ប្រកប​អាជីវកម្ម​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង (​ដូច​មាន​ក្នុង​ឯកសារ​ឧ​ប​សម្ព័ន្ធ​) ដូច​ខាងក្រោម​ ៖

១- ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ទីតាំង​អាជីវកម្ម​ថតចម្លង​ឯកសារ អិន​ធឺ​ណិ​ត និង​អាជីវកម្ម​លក់​សម្ភារៈ​សិក្សា គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃ​ទី​២៨-២៩ ខែសីហា ឆ្នាំ​២០២៥។

២- ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​នានា ដូច​ជា ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ការដ្ឋាន​សំណង់​នានា ដែល​ស្ថិត​នៅ ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង ចាប់ពី​ថ្ងៃ​ទី​២៨-២៩ ខែសីហា ឆ្នាំ​២០២៥។

៣- ទីតាំង​អាជីវកម្ម​ផ្សេង​ទៀត រួម​ទាំង​ការដ្ឋាន​សំណង់ ដែល​ស្ថិត​នៅ​ជិត​បរិវេណ​មណ្ឌល​ប្រឡង ហាម​បង្ក​សំឡេង រំខាន ឬ សកម្មភាព​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ប្រឡង​របស់​បេក្ខជន។

៤- សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ អគារ​ស្នាក់​នៅ​រួម ផ្ទះសំណាក់ ឬ ផ្ទះ​ជួល​បណ្តោះអាសន្ន ដែល​ស្ថិត​នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ចេញ​-​ចូល​ជា​ធម្មតា ។

៥- ដោយឡែក​សម្រាប់​ការ​ផ្ញើ​កង់​-​ម៉ូតូ​នៅ​តាម​មណ្ឌល​ប្រឡង មិន​ត្រូវ​បាន​បង់ប្រាក់​ឡើយ​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់​មេត្តា​ជ្រាប និង​យោគយល់​ដោយ​សេចក្តី អនុគ្រោះ​។ ក្រោយ​ផុត​រយៈពេល​នៃ​ការ​ប្រឡង បងប្អូន​អាជីវករ​ទាំងអស់​អាច​បើក​ដំណើរការ​អាជីវកម្ម​ជា​ធម្មតា​ឡើង​វិញ​។ ទទួល​បាន​សេចក្តីជូនដំណឹង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បងប្អូន​អាជីវករ​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ