ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ ថៃ​កំពុង​ញុះញង់​គ្រប់​រូបភាព ដើម្បី​ឲ្យ​កម្ពុជា​អស់​ភាព​អត់ធ្មត់ ឈាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​ណាមួយ ដែល​ប្រើ​កំហឹង​!

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ ដែល​អាច​ធ្វើ​ឲ្យ​ថៃ​ចោទ​ថា ​មិន​គោរព​បទ​ឈប់​បាញ់ ខណៈ​ថ្នាក់ដឹកនាំ ​កំពុង​ខិតខំ​ប្រើ​យន្តការ​ច្បាប់​ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ ដែល​អាច​ធ្វើ​ឲ្យ​ថៃ​ចោទ​ថា ​មិន​គោរព​បទ​ឈប់​បាញ់ ខណៈ​ថ្នាក់ដឹកនាំ ​កំពុង​ខិតខំ​ប្រើ​យន្តការ​ច្បាប់​ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​លើក​ឡើង​ថា​ ៖ «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ​ដែល​បាន​ក្រោកឈរ​ឡើង​ ដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ក្រោម​ស្មារតី​សន្តិភាព​និយម ដែល​ជា​អត្តសញ្ញាណ​របស់​កម្ពុជា​។ ទឹកចិត្ត​ស្នេហា​ជាតិ និង​ស្មារតី​សាមគ្គី​ជា​ធ្លុង​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ បាន​ក្លាយជា​ច​លករ​ដ៏​ខ្លាំងក្លា ដែល​គ្មាន​ឥទ្ធិពល​អ្វី​មក​អាច​បំបែក​បាន​ឡើយ​»​ ។

​​អ្នកនាំពាក្យ​ បាន​បញ្ជាក់​ថា​៖ «​ទន្ទឹម​នឹង​នេះ សូម​បងប្អូន​យើង​រក្សា​ស្មារតី​ឲ្យ​បាន​នូវ​សន្តិភាព​និយម និង​អហិង្សា តាម​រយៈ​ទឹកចិត្ត​ស្នេហា​ជាតិ​ ដោយ​ប្រើ​បញ្ញា​ជាង​ប្រើ​អារម្មណ៍ ដើម្បី​ជៀសវាង​ធ្លាក់​ក្នុង​អន្ទាក់ ​នៃ​ការ​ញុះញង់ បំបែកបំបាក់​មហា​សាមគ្គី​ជាតិខ្មែរ​ពី​សំណាក់​អមិត្ត​កម្ពុជា (​ថៃ​) ពិសេស​ការ​ប៉ុនប៉ង​ បំបែក​កម្លាំង​ប្រជាពលរដ្ឋ​ពី​រាជរដ្ឋាភិបាល និង​ពី​កម្លាំងប្រដាប់អាវុធ​ ដែល​ជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ​» ​។

​ជាមួយ​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​ក៏​បាន​លើក​ឡើង​ថា ពេល​នេះ​ គឺជា​ការ​អនុ​វត្តបទ​ឈប់​បាញ់ ហើយ​កម្ពុជា​បាន​គោរព​កិច្ចព្រមព្រៀង​បាន​យ៉ាង​ល្អ ដែល​ចាត់​ទុក​ថា ​ជា​ភាព​ខ្លាំង​របស់​កម្ពុជា ​នៅ​លើ​សមរភូមិ​ ដែល​ត្រូវ​ថែរក្សា​ឲ្យ​បាន​។ ដើម្បី​បំផ្លាញ​ភាព​ខ្លាំង ​ដែល​កម្ពុជា​ទទួល​បាន​នៅ​ពេល​នេះ ថៃ​បាន​ញុះញង់​គ្រប់​រូបភាព ដោយ​បាន​រៀបចំ​ឡើង ​ដើម្បី​ឲ្យ​កម្ពុជា​អស់​ភាព​អត់ធ្មត់ ដោយ​ឈាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​ណាមួយ​ ដែល​ប្រើ​កំហឹង​ទល់​នឹង​កំហឹង ដែល​គេ​អាច​ប្រើ​ជា​លេស​ក្នុង​ការ​ចោទប្រកាន់​ថា ​កម្ពុជា​ជា​អ្នក​វាយប្រហារ​មុន​ ។

លោក​បាន​គូសបញ្ជាក់​បន្ថែម​ថា ​៖ «​នេះ​ជា​អន្ទាក់​ដ៏​គ្រោះថ្នាក់​ ដែល​បងប្អូន​យើង​ គប្បី​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ សូម​បងប្អូន​ចង​ចាំ​ថា បទ​ឈប់​បាញ់​នេះ ​ផ្តួចផ្តើម​ឡើង​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក ដោយ​ចូលរួម​យ៉ាង​សកម្ម​ពី​ចិន និង​យកចិត្តទុកដាក់​ពី​ម៉ា​ឡេ​ស៊ី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ