រាជធានីភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសគឺការត្រៀមកម្លាំងជួយសម្របសម្រួលនៅពេលមានភ្លៀងធ្លាក់ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ។

ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ នឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះ ។
លោក កើត ឆែ បានធ្វើការណែនាំបែបនេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ខណៈ លោកអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ -២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ។ ក្រៅពីការណែនាំខាងលើហើយ លោក កើត ឆែ ក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡង ដើម្បីធានាបានថា ពួកគាត់អាចមកប្រឡងបានទាន់ពេលវេលា ជាមួយនឹងការលុបបំបាត់កន្លែងថតចម្លងនៅជិតមណ្ឌលប្រឡងជាដើម ។

លោក កើត ឆែ បានបញ្ជាក់ថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មានមណ្ឌលប្រឡងសរុបចំនួន៣៥មណ្ឌល ត្រូវជា១១៣៥បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន១២ មានខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលមានបេក្ខជនសរុប ២៨ ១៦៥នាក់ កើនលើសឆ្នាំមុនចំនួន ៣មណ្ឌល ។

លោកបន្តថា ក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ យើងនឹងប្រើប្រាស់បុគ្គលិកអប់រំសម្រាប់ចូលរួមគ្រប់សមាសភាពគណៈកម្មការសរុបចំនួន៣៥៨៥នាក់ ។ លោក កើត ឆែ បន្តថា ដោយការយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ការឧបត្ថម្ភជាថវិកា សម្រាប់ចូលរួមដំណើរការប្រឡង ជាមួយនឹងការផ្តល់ជូនកន្លែងផ្ញើកង់-ម៉ូតូសម្រាប់បេក្ខជនចំនួន៣៥មណ្ឌល ស្មើនឹង៣៥លានរៀល ដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ថ្លៃផ្ញើកង់-ម៉ូតូឡើយ ។

ផ្តល់ជូនកងកម្លាំងការពារមណ្ឌលប្រឡងទាំង៣៥មណ្ឌល ស្មើនឹង៣៥លានរៀល ។ផ្តល់ជូនកងកម្លាំងការពារមណ្ឌលកំណែ ១១មណ្ឌល ស្មើ ១៣ ២០០ ០០០រៀល ។ផ្តល់ជូនកងកម្លាំងការពារកន្លែងរក្សាទុកប្រធានវិញ្ញាសា១មណ្ឌល ស្មើ ១,២លានរៀល ។ផ្តល់ជូនមន្ត្រីសុខាភិបាលប្រចាំតាមមណ្ឌល ៣៥មណ្ឌល ស្មើ៥៦០០០០០រៀល ។ សរុបទឹកប្រាក់ចំនួន ៩០លានរៀល ។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំវិធានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នេះដែរ លោក កើត ឆែ បានបន្ថែមថា ត្រូវធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ធានាបាននូវទិសស្លោក «អ្នកចេះគឺជាប់» ៕
ចែករំលែកព័តមាននេះ