ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ មិន​តម្រូវ​ឱ្យ​យក​ថ្លៃ​ផ្ញើ​កង់ ម៉ូតូ​ពី​បេក្ខជន​ប្រឡង​បាក់​ឌុ​ប នៅ​គ្រប់​មណ្ឌល​ទូ​ទាំង​រាជធានី​ភ្នំពេញ​ឡើយ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រៀមកម្លាំង​ឱ្យ​បាន​គ្រប់គ្រាន់…

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រៀមកម្លាំង​ឱ្យ​បាន​គ្រប់គ្រាន់ ក្នុង​កិច្ច​ការពារ​សន្តិសុខសណ្តាប់ធ្នាប់ ពិសេស គឺ​ការ​ត្រៀមកម្លាំង​ជួយ​សម្របសម្រួល នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ក្នុង​ឱកាស ​នៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង នា​ថ្ងៃ​ទី​២៨ និង​២៩ សីហា ២០២៥​ខាង​មុខ​នេះ ដោយ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យា​ការណ៍​ហើយ​ថា នៅ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង នា​ថ្ងៃ​ទី​២៨ និង​២៩ សីហា ២០២៥​ ខាង​មុខ​នេះ​ អាចនឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​មក​ពី​ព្យុះ ​។

លោក កើត ឆែ បាន​ធ្វើការ​ណែនាំ​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ​២០២៥​នេះ ខណៈលោក​អញ្ជើញ​ជា​អធិបតី តំណាងលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀមលក្ខណៈ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៨ -២៩ សីហា ២០២៥​ ខាង​មុខ​នេះ​។

ក្រៅពី​ការ​ណែនាំ​ខាងលើ​ហើយ លោក កើត ឆែ ក៏​បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច ពិសេស​ប៉ូ​លិស​ចរាចរណ៍ ជួយ​សម្រួល​ចរាចរណ៍​ដល់​សិក្សា​នុ​សិស្ស ​ដែល​ជា​បេក្ខជន​ប្រលង ដើម្បី​ធានា​បាន​ថា ពួក​គាត់​អាច​មក​ប្រលង​បាន​ទាន់​ពេលវេលា ជាមួយ​និង​ការ​លុប​បំបាត់​កន្លែង​កូប​ពី​ នៅ​ជិត​មណ្ឌល​ប្រលង​ជាដើម ​។

លោក កើត ឆែ បាន​បញ្ជាក់​ថា​ សម្រាប់​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៖ ២៨ សីហា ២០២៥​ មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​មាន មណ្ឌល​ប្រឡង​សរុប​ចំនួន ៣៥​មណ្ឌល ត្រូវជា ១,១៣៥​បន្ទប់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន១២ (​មាន​ខណ្ឌឫស្សីកែវ​, ជ្រោយចង្វារ​, ដូនពេញ​, ៧​មក​រា​, ទួល​គោក​, ចំការមន​, បឹង​កេងកង​, ច្បារ​អំពៅ​, សែន​សុខ​, ពោធិ៍​សែន​ជ័យ​, មាន​ជ័យ និង​ដង្កោ​) ដែល​មាន​បេក្ខជន​សរុប​ចំនួន ២៨,១៦៥​នាក់ កើន​លើស​ឆ្នាំ​មុន​ចំនួន ៣​មណ្ឌល​។ លោក​បន្ត​ថា ក្នុង​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ ​គឺ​នៅ​ថ្ងៃ​ទី​២៨-២៩ ខែសីហា ឆ្នាំ​២០២៥​នេះ យើង​នឹង​ប្រើប្រាស់​បុគ្គលិក​អប់រំ​សម្រាប់​ចូលរួម គ្រប់​សមាសភាព​គណៈកម្មការ​សរុប​ចំនួន ៣,៥៨៥​នាក់ ​។

លោក កើត ឆែ បន្ត​ថា ដោយ​ការ​យកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ បាន​ផ្តល់​ការ​ឧបត្ថម្ភ​ជា​ថវិកា សម្រាប់​ចូលរួម​ដំណើរការ​ប្រឡង ជាមួយ​និង​ការផ្តល់​ជូន​កន្លែង​ផ្ញើ​កង់​-​ម៉ូតូ​សម្រាប់​បេក្ខជន ចំនួន​៣៥​មណ្ឌល ស្មើនឹង​៣៥,០០០,០០០​រៀល ដោយ​មិន​តម្រូវ​ឱ្យ​បេក្ខជន​បង់ប្រាក់​ថ្លៃ​ផ្ញើ​កង់​-​ម៉ូតូ​ឡើយ​។​ ផ្តល់​ជូន​កងកម្លាំង​ការពារ​មណ្ឌល​ប្រឡង​ទាំង​៣៥​មណ្ឌល ស្មើ​៣៥,០០០,០០០​រៀល​។ ផ្តល់​ជូន​កងកម្លាំង​ការពារ​មណ្ឌល​កំណែ​១១​មណ្ឌល ស្មើ ១៣,២០០,០០០​រៀល​។ ផ្តល់​ជូន​កងកម្លាំង​ការពារ​កន្លែង​រក្សា​ទុក​ប្រធាន​វិញ្ញាសា​១​មណ្ឌល ស្មើ ១,២០០,០០០​រៀល​។ ផ្តល់​ជូន​មន្ត្រី​សុខាភិបាល​ប្រចាំ​តាម​មណ្ឌល ៣៥​មណ្ឌល ស្មើ​៥,៦០០,០០០​រៀល សរុប​ទឹកប្រាក់​ចំនួនៈ ៩០,០០០,០០០​រៀល​ ។

ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​វិធានការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៨ សីហា ២០២៥ នេះ​ដែរ​ឯកឧត្ដម​បាន​បន្ថែម​ថា ​៖​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រឡង ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ធានា​បាន​នូវ​ទិស​ស្លោក​”​អ្នកចេះ​គឺ​ជាប់​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ