ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រាប សុវត្ថិ ឧទ្ទិស​ឱ្យ​ដំរី Luckyបាន​កើតជា​​មនុស្សវិញ​

8 ម៉ោង មុន
  • ភ្នំពេញ

ក្រោយ​មាន​ដំណឹង​ការ​ស្លាប់​របស់​ដំរី​នៅ​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ឈ្មោះ Lucky បាន​ធ្វើ​មហាជន ជា​ពិសេស អ្នក​ដែល​ធ្លាប់​មាន​អនុស្សា​វរិ​យ៍​ថតរូប​ជាមួយ​ដំរី​ដ៏​ឆ្លាត​មួយ​នេះ បាន​សម្តែង​ភាព​ក្តុកក្តួល និង​អាឡោះអាល័យ​ជា​ពន់ពេក ដ្បិត​ដំរី​មួយ​នេះ​ទទួល​បានការ​អាណិ​ត​ស្រឡាញ់​ច្រើន ។ សម្រាប់​តារាចម្រៀង…

ក្រោយ​មាន​ដំណឹង​ការ​ស្លាប់​របស់​ដំរី​នៅ​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ឈ្មោះ Lucky បាន​ធ្វើ​មហាជន ជា​ពិសេស អ្នក​ដែល​ធ្លាប់​មាន​អនុស្សា​វរិ​យ៍​ថតរូប​ជាមួយ​ដំរី​ដ៏​ឆ្លាត​មួយ​នេះ បាន​សម្តែង​ភាព​ក្តុកក្តួល និង​អាឡោះអាល័យ​ជា​ពន់ពេក ដ្បិត​ដំរី​មួយ​នេះ​ទទួល​បានការ​អាណិ​ត​ស្រឡាញ់​ច្រើន ។

សម្រាប់​តារាចម្រៀង លោក​ព្រាប សុវត្ថិ ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ថត​ចម្រៀង​ជាមួយ​ដំរី Lucky នោះ លោក​ក៏​មិន​ខុស​ពី​មហាជន​ទូទៅ​ដែរ ដោយ​លោក​បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​ដំរី Lucky ខណៈ​ពេល​ដែល​លោក​បាន​ឧទ្ទិស​ឲ្យ​ដំរី​មួយ​នេះ​បាន​កើតជា​មនុស្ស​វិញ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​លើក​ឡើង​ថា អនុស្សាវរីយ៍​ដែល​ដំរី lucky បាន​ទុក​អោយ​មហាជន​ខ្មែរ​ទស្សនា និង​ស្រណោះ ។ លោក​បញ្ជាក់​ថា ដោយ​ក្ដី​ស្រលាញ់​យ៉ាងច្រើន​លើសលុប​លើ​ដំរី lucky សូម​អោយ lucky កើតមក​កំណើត ជា​មនុស្ស​បានដឹង​បាន​ទទួល​ការ​ស្រលាញ់​ពី​មនុស្ស​ផង​ទាំងពួង ។

ជា​ការ​កត់សម្គាល់ ដំរី​ដែល​មានឈ្មោះ​ថា lucky ជា​ដំរី​ដែល​ធ្លាប់​បាន​ចូលរួម​សម្តែង​ជាមួយ​លោក​ព្រាប សុវត្ថិ តាម​រយៈ​បទ ដំរី​ថ្នម​ស្នេហ៍ កាលពី​ជាង​១០​ឆ្នាំ​មុន ខណៈ​កន្លង​មក​ដំរី​ដ៏​ឆ្លាត​មួយ​ក្បាល​នេះ ក៏​បាន​ទទួល​បានការ​ចាប់អារម្មណ៍​ផង​ដែរ​ពី​អ្នកទេសចរ​ក្នុងស្រុក​។

ក្នុង​បទ​ចម្រៀង ដំរី​ថ្នម​ស្នេហ៍ ដំរី​បាន​បង្ហាញ​ទេព​កោសល្យ​រាំ​តាម​ចង្វាក់ភ្លេង ជា​ហេតុ​ធ្វើ​ឱ្យ​រូបភាព​ក្នុង​វី​ដេ​អូ​ចម្រៀង​ខាងលើ​នេះ មាន​ភាព​ទាក់ទាញ​ពី​អ្នក​ទស្សនា ដោយ​អម​នឹង​សំនៀងពីរោះ​រណ្តំ​របស់​តារាចម្រៀង​លោក ព្រាប សុវត្ថិ ផង​ដែរ ។

គួរ​បញ្ជាក់​ថា រដ្ឋបាល​ព្រៃឈើ បាន​ជូនដំណឹង​ពី​ការ​ស្លាប់​របស់​ដំរី​ឈ្មោះ ឡាក់​គី (Lucky) នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ភ្លាម​ៗ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ ។ រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា ក្រុម​ពេទ្យសត្វ​របស់​យើង​បាន​ផ្តល់​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ប៉ុន្តែ​ទោះបីជា​បាន​ប្រឹងប្រែង​ព្យាយាម​អស់ពី​សមត្ថភាព​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​ឡាក់​គី​បាន​។

លោក​ទ្រី ស៊ី​ថេ​ង ដែល​ជា​ហ្ម​របស់​ឡាក់​គី​បាន​បន្ត​ជួយ​ថែទាំ​«​ឡាក់​គី​»​បើ​ទោះបីជា​បាន​ចាក​ចេញពី Wildlife Alliance ហើយ​ក៏​មាន​វត្ត​មាននៅ​ជាប់​ជាមួយ​ឡាក់​គី នៅ​ពេល​មាន​អាកា​រៈ​ជំងឺ​ផង​ដែរ ។
ក្នុង​ឱកាស​នេះ រដ្ឋបាល​ព្រៃឈើ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​លះបង់​របស់​ក្រុម​អ្នក​ថែទាំ ពេទ្យសត្វ និង​បុគ្គលិក​ទាំងអស់​នៅ​មជ្ឈមណ្ឌល​ភ្នំ​តា​ម៉ៅ ជា​ពិសេស លោក ទ្រី ស៊ី​ថេ​ង ដែល​ប្រៀប​ដូច​ជា​ឪពុក​ដែល​បាន​ផ្តល់​ក្តី​ស្រឡាញ់​និង​ការ​ថែទាំ​«​ឡាក់​គី​»​ប្រកបដោយ​វិជ្ជាជីវៈ​យ៉ាង​ខ្ជាប់ខ្ជួន​ពេញ​មួយ​ជីវិត ។

យើងខ្ញុំ​ទាំងអស់​គ្នា ក៏​សូម​ចូលរួម​រំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​ហ្ម​ថែទាំ​ដំរី ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ស្រឡាញ់​ដំរី​«​ឡាក់​គី​» ទាំងអស់ ចំពោះ​ការ​បាត់បង់​ដំរី​ដែល​ជា​និមិត្តរូប​មួយ​ដ៏​សំខាន់​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។

សម្រាប់​រយៈពេល​ជាង ២៦​ឆ្នាំ​នៃ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដំរី «​ឡាក់​គី​» បាន​វិ​វត្ត​ពី​កូន​ដំរី​តូច​មួយ ទៅ​ជា​និមិត្តរូប​នៃ​ភាព​អង់អាច ភាព​ទន់ភ្លន់ និង​បាន​បំផុសគំនិត​ឱ្យ​សាធារណជន​មានការ​ស្រឡាញ់ និង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខុមាលភាព​ដំរី និង​ការ​អភិរក្ស​សត្វព្រៃ​។

រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​ប្តេជ្ញា​ការពារ និង​ថែរក្សា​សត្វព្រៃ​នៅ​កម្ពុជា និង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ បន្ត​ចូលរួម​គាំទ្រ​កិច្ចការ​អភិរក្ស​សត្វព្រៃ និង​ការងារ​ថែទាំ​សត្វ​នៅ​មជ្ឈ​មណ្ឌល​ភ្នំ​តា​ម៉ៅ ដើម្បី​ជំរុញ​ការ​យកចិត្តទុកដាក់​លើ​ធនធាន​សត្វព្រៃ​របស់​យើង​ឱ្យ​បាន​ដូច​ដំរី​«​ឡាក់​គី​»​ក្នុង​ពេល​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ