ទីក្រុងញូដេលី ៖ ឥណ្ឌាបានវ៉ាដាច់ជប៉ុន ដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៤ លើពិភពលោក ស្របពេលបណ្តាមន្ត្រីឥណ្ឌាសង្ឃឹមថានឹងវ៉ាដាច់ប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ នេះបើយោងតាមការគណនានៃការពិនិត្យឡើងវិញសេដ្ឋកិច្ចនៅចុងឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌា និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន Japan Times កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
ទោះយ៉ាងណាក៏ដោយ ការបញ្ជាក់ជាផ្លូវការអាស្រ័យលើទិន្នន័យ ដែលត្រូវចេញផ្សាយនៅឆ្នាំ ២០២៦ នៅពេលតួលេខផលិតផលក្នុងស្រុកសរុប (DGP) ប្រចាំឆ្នាំចុងក្រោយត្រូវបានចេញផ្សាយ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា ឥណ្ឌានឹងវ៉ាដាច់ ជប៉ុននៅឆ្នាំក្រោយ។
នៅក្នុងការកំណត់ចំណាំសង្ខេបសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឥណ្ឌា ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា «ឥណ្ឌា គឺជាប្រទេសមានសេដ្ឋកិច្ច ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ហើយមានជំហរល្អក្នុងការរក្សាសន្ទុះនេះ។ ជាមួយ GDP ចំនួន ៤,១៨ ទ្រីលានដុល្លារ ប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី ៤ របស់ពិភពលោក ហើយត្រៀមខ្លួនជាស្រេច ដើម្បីជំនួសអាល្លឺម៉ង់ពីចំណាត់ថ្នាក់ទី ៣ ក្នុងរយៈពេល ២ ឆ្នាំកន្លះទៅ ៣ ឆ្នាំខាងមុខ ដោយ GDP ប៉ាន់ស្មានថាចំនួន ៧,៣ ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០»។
បើតាមការព្យាករណ៍របស់ IMF សម្រាប់ឆ្នាំ ២០២៦ បានដាក់តួលេខសេដ្ឋកិច្ចឥណ្ឌានៅ ៤,៥១ ទ្រីលានដុល្លារ បើធៀបទៅនឹង ៤,៤៦ ទ្រីលានដុល្លាររបស់ជប៉ុន។
ការវាយតម្លៃដ៏វិជ្ជមានរបស់ឥណ្ឌាកើតឡើងទោះបីជាមានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចក៏ដោយ បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីខែសីហាកន្លងទៅ បានដាក់ពន្ធគយកម្រិតខ្ពស់លើឥណ្ឌាទាក់ទងនឹងការបន្តទិញប្រេងរបស់រុស្ស៊ី។
ប្រទេសឥណ្ឌាបានអះអាងថា កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីភាពធន់របស់ខ្លួនក្នុងចំណោមភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល ដែលនៅតែបន្តកើតមាន។ ប៉ុន្តែការវាស់វែងផ្សេងទៀតផ្តល់នូវទស្សនវិស័យមិនសូវល្អនោះទេ។
ទាក់ទងនឹងចំនួនប្រជាជន នៅឆ្នាំ ២០២៣ ឥណ្ឌាបានវ៉ាដាច់ចិន ដើម្បីក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោក រហូតមកទល់បច្ចុប្បន្ន។ GDP ក្នុងមនុស្សម្នាក់របស់ឥណ្ឌាមានចំនួន ២ ៦៩៤ ដុល្លារក្នុងឆ្នាំ ២០២៤ ។ នេះបើតាមតួលេខចុងក្រោយរបស់ធនាគារពិភពលោក ដែលតួលេខនេះ តិចជាងដល់ទៅ ១២ ដងនៃចំនួន ៣២ ៤៨៧ ដុល្លាររបស់ជប៉ុន និងជាង ២០ ដងនៃចំនួន ៥៦ ១០៣ ដុល្លាររបស់អាល្លឺម៉ង់។
យោងតាមតួលេខរដ្ឋាភិបាល ប្រជាជនជាង១ភាគ៤នៃចំនួនប្រជាជនសរុប ១,៤ ពាន់លាននាក់របស់ឥណ្ឌា អាយុចន្លោះពី ១០-២៦ ឆ្នាំ ហើយប្រទេសនេះកំពុងតែតស៊ូដើម្បីបង្កើតការងារមានប្រាក់ខែល្អ សម្រាប់និស្សិតបញ្ចប់ការសិក្សាវ័យក្មេងរាប់លាននាក់។
ចំនុចផ្សេងទៀត តម្លៃប្រាក់រូពីឥណ្ឌាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ធៀបនឹងប្រាក់ដុល្លារអាមេរិកនៅដើមខែធ្នូ ដោយធ្លាក់ចុះប្រហែល ៥% នៅឆ្នាំ ២០២៥ ដោយសារតែការព្រួយបារម្ភជាបន្តបន្ទាប់អំពីកង្វះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក និងផលប៉ះពាល់នៃការយកពន្ធលើទំនិញរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។ យោងតាមតួលេខរបស់ IMF ឥណ្ឌាបានក្លាយជាប្រទេសសេដ្ឋកិច្ចធំទី ៥ របស់ពិភពលោកនៅឆ្នាំ ២០២២ នៅពេល GDP ប្រទេសនេះបានវ៉ាដាច់ចក្រភពអង់គ្លេស៕

ចែករំលែកព័តមាននេះ