រាជធានីភ្នំពេញ ៖ ជនបរទេសចំនួន៥នាក់ ដែលបានបង្ហោះដ្រូនពីខុនដូអគារខ្ពស់ផ្ដិតយករូបភាពនៅម្ដុំវិមានឯករាជ្យ និងទីក្រុងកោះពេជ្រ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវដោយសារគ្មានច្បាប់អនុញ្ញាតឱ្យបង្ហោះដ្រូន ។

ការស្រាវជ្រាវនេះ ក៏ឈានទៅដកហូតបានដ្រូន១គ្រឿង និងមេម៉ូរីចំនួន២ ព្រមទាំងអ្នកបញ្ជាដ្រូនផង កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥កន្លងទៅ នៅចំណុចខុនដូអគារ L.Hនៃសណ្ឋាគារ OCEAN HOTEL តាមផ្លូវលេខ៩ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។តាមប្រភពព័ត៌មានពីអ្នកដែលឃើញមានដ្រូនង្ហោះនៅលើអាកាស បាននាំគ្នាថត និងអ្នកខ្លះបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច ពីការបង្ហោះយករូបភាពជុំវិញវិមានឯករាជ្យ ដែលនៅក្បែរនោះគឺជាភូមិគ្រឹះសម្ដេចតេជោ ។

ជាមួយនេះ បានបង្ហោះបន្តទៅថតរូបភាពនៅជុំវិញកោះពេជ្រ សរុបមានដ្រូនចំនួន២គ្រឿង ហើយកងកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងកម្លាំងនគរបាលព្រហ្មទណ្ឌអធិការដ្ឋានខណ្ឌចំការមន ក៏បានធ្វើការស្រាវជ្រាវភ្លាមៗ និងដេញតាមដ្រូនទៅដល់អគារខុនដូ L.H ។

ជាមួយនេះ បានសហការជាមួយមេការគ្រប់គ្រងអគារ ដើម្បីទៅមើលម្ចាស់ដ្រូន តើបានការអនុញ្ញាតពីណាមក ហើយការបង្ហោះដ្រូនមានបំណងអ្វីឱ្យប្រាកដ ។ នៅសណ្ឋាគារ OCEAN HOTEL មានជនជាតិចិនសរុប៥នាក់ ក្នុងនោះស្រីម្នាក់ ហើយក្នុងចំណោមនោះមានម្នាក់ជាម្ចាស់ដ្រូននិងជាអ្នកបង្ហោះ ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ។
តាមអាជ្ញាធរបានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ថា ពិតជាបាននាំយកជនជាតិចិនម្នាក់ទៅសាកសួរមែន ។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៩យប់ មានករណីជនជាតិចិនម្នាក់ឈ្មោះ LIN YONGGUO ភេទប្រុស អាយុ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EQ៤១៥០១៤៦ បានបង្ហោះដ្រូនចេញពីអគារ LH ជាន់ទី១៥ (Crown Sky Bar) អគារលេខ១៣ ផ្លូវលេខ៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ នៅពេលសាកសួរ បុរសជនជាតិចិនរូបនេះឆ្លើយថា គោលបំណងដែលគាត់បង្ហោះដ្រូនចេញពីសណ្ឋាគារទៅម្ដុំវិមានឯករាជ្យ និងទៅកោះពេជ្រ គឺដើម្បីថតយករូបភាពទៅបង្ហាញមិត្តភក្ដិនៅប្រទេសចិន គឺមិនមានបំណងអ្វីលើសពីនេះទេ ។
សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងដកហូតដ្រូូនរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ៕

ចែករំលែកព័តមាននេះ