ទីក្រុងព្យុងយ៉ាង៖ កូរ៉េខាងជើងនិយាយនៅថ្ងៃនេះថាទាហានកូរ៉េខាងត្បូងបានបាញ់ជាលក្ខណៈព្រមានជាច្រើនគ្រាប់នៅតំបន់ព្រំដែន។ កូរ៉េខាងជើងចាត់ទុកថានេះជាចេតនាបង្កហេតុ។ ព្រឹត្តិការណ៍នោះបានកើតឡើងតាំងពីថ្ងៃអង្គារ។ ប៉ុន្តែទូរទស្សន៍រដ្ឋកូរ៉េខាងជើងខេស៊ីអឹនអេ (KCNA) ទើបតែផ្សាយរំលឹកឡើងវិញនៅថ្ងៃនេះ។ កូរ៉េខាងជើងក៏បាននិយាយផងដែរថាការផ្សព្វផ្សាយជាលក្ខណៈព្រមានពីសំណាក់យោធាកូរ៉េខាងត្បូងនៅតាមព្រំដែនកើនឡើងកាន់តែខ្លាំងជាងមុន។

ចាប់តាំងពីឆ្នាំ២០២៤ កូរ៉េខាងជើងចាប់ផ្ដើមដាក់រនាំងនៅតាមព្រំដែន ហើយដាក់គ្រាប់បែកកម្ទេចដងវិថី និងផ្លូវរថភ្លើងដែលតភ្ជាប់រវាងកូរ៉េទាំង២។ ទូរទស្សន៍ខេស៊ីអឹនអេបានដកស្រង់សម្ដីរបស់លោកកូជុងឈុល (Ko Jong Chol) ជានាយអគ្គសេនាធិការរងកងទ័ពកូរ៉េខាងជើងមកផ្សាយថាខ្លួននឹងចាត់វិធានការឆ្លើយតបដោយសមាមាត្រទៅនឹងទង្វើណាមួយដែលរារាំងគម្រោងសាងសង់តំបន់ខ្សែក្រវាត់របស់យើង។ កូរ៉េខាងជើងនឹងមិនទទួលខុសត្រូវជាដាច់ខាតបើមានផលវិបាកធ្ងន់ធ្ងរកើតឡើង។

សូមរំលឹកថាកាលពីថ្ងៃអង្គារ អគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូងបានចេញសេចក្ដីថ្លែងការណ៍ថាទាហានកូរ៉េខាងជើងមួយចំនួនដែលបំពេញភារកិច្ចនៅតាមព្រំដែនបានដើរឆ្លងព្រំដែន។ មូលហេតុនេះហើយដែលទាហានកូរ៉េខាងត្បូងត្រូវតែបង្ខំចិត្តបាញ់ជាលក្ខណៈព្រមាន។ ក្រោយមក គេឃើញថាទាហានកូរ៉េខាងជើងទាំងនោះលែងហ៊ានឆ្លងព្រំដែនតទៅទៀត។

គេគិតថាសារនយោបាយរបស់កូរ៉េខាងជើងដែលផ្សាយតាមទូរទស្សន៍ថ្ងៃនេះហាក់ដូចជាមិនស៊ីសង្វាក់គ្នាទេព្រោះប្រធានាធិបតីកូរ៉េខាងត្បូង លោកលីជេម្យុង ថ្លែងកាលពីសប្ដាហ៍មុនថាកូរ៉េខាងត្បូងនឹងបិទបញ្ចប់សកម្មភាពយោធាមួយចំនួននៅតាមព្រំដែន។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់លោកដើម្បីកែលម្អទំនាក់ទំនងឡើងវិញ។

នៅថ្ងៃដដែលនេះ ទូរទស្សន៍កូរ៉េខាងជើងក៏បានផ្សាយរិះគន់ការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ។ កូរ៉េខាងជើងចាត់ទុកថានេះជាការបង្កហេតុដ៏ខ្លាំងមួយ និងជាការត្រៀមធ្វើសង្គ្រាម។ ថ្វីដ្បិតអាមេរិក និងកូរ៉េខាងត្បូងអះអាងថាសមយុទ្ធយោធានេះធ្វើឡើងដើម្បីការពារខ្លួន ប៉ុន្តែកូរ៉េខាងជើងមិនគិតដូច្នេះទេ។ កូរ៉េខាងជើងចាត់ទុកថានេះជាការត្រៀមវាយប្រហារទៅលើខ្លួន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ